ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល

អង្គការសហប្រជាជាតិ ៖ លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ «ត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់» លើការវាយប្រហារយោធា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន លោក Iravani បានលេីកឡេីងថា សហរដ្ឋអាមេរិក ដោយមានការសម្របសម្រួល យ៉ាងពេញលេញជាមួយអ៊ីស្រាអែល បានបើកការវាយប្រហារយោធា «ដោយចេតនា និងគ្មានការញុះញង់លើកទីពីរ» ប្រឆាំងនឹងអ៊ីរ៉ង់ ដែលជា «សកម្មភាពឈ្លានពានដែលបានគ្រោងទុក»។

លោកបានបន្ដថា «ទីក្រុងធំៗ និង តំបន់ស៊ីវិលដែលមានប្រជាជនរស់នៅច្រើនកុះករត្រូវបានកំណត់គោលដៅ។ ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ បានបាត់បង់ជីវិត និងជាច្រើនទៀតបានរងរបួស»។

លោក Iravani បានបន្ថែមថា «នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ​ ដែលហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋណាមួយ»។

លោក​បាន​គូសបញ្ជាក់​ថា «វា​ជា​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ​ ការពិត​គឺ​ច្បាស់​ណាស់​ ការ​ឈ្លានពាន​គឺ​ច្បាស់​ណាស់​ ការ​ទទួល​ខុស​ត្រូវ​ក៏​ច្បាស់​ដែរ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top