ព័ត៌មានអន្តរជាតិ

​ បញ្ជាការកណ្តាល សហរដ្ឋអាមេរិកបញ្ជាក់ថា​ ទាហានអាមេរិក ៦ នាក់ ស្លាប់នៅក្នុងប្រតិបត្តិការ វាយប្រហារអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បានប្រកាសអំពីការស្លាប់ របស់សមាជិកយោធាអាមេរិកពីរនាក់ បន្ថែមទៀតនៅក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ដែលនាំឱ្យចំនួនសរុបឡើងដល់​ ៦នាក់។

ប្រភពបានឧ្យដឹងថា​ គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ២ ខែមីនា សមាជិកយោធាអាមេរិកចំនួន ៦ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ។

បញ្ជាការបានឧ្យដឹងនៅក្នុងប្រកាសមួយនៅលើ X ថា​ កងកម្លាំងអាមេរិកថ្មីៗនេះបានរកឃើញសាកសពសមាជិកយោធាពីរនាក់​ ដែលពីមុនមិនបានរាប់បញ្ចូលពីកន្លែងមួយ​ ដែលត្រូវបានវាយប្រហារក្នុងអំឡុង ពេលការវាយប្រហារដំបូង របស់អ៊ីរ៉ង់នៅក្នុងតំបន់”។

នៅក្នុងប្រកាសមួយផ្សេងទៀតមុននេះ បញ្ជាការបានឧ្យដឹងថា កងកម្លាំងអាមេរិកបានលិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ចំនួន ១១ គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងឈូងសមុទ្រអូម៉ង់។

គួរបញ្ជាក់ថា​  សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានចាប់ផ្តើមការវាយប្រហារ តាមអាកាសដ៏ធំប្រឆាំងនឹងអ៊ីរ៉ង់​ នៅព្រឹកថ្ងៃសៅរ៍។ អ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យថា មេដឹកនាំកំពូលរបស់ខ្លួន Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់មានសមត្ថភាព​ ដែលអាចដំណើរការបានយូរជាង ៤​ ទៅ​ ៥សប្តាហ៍៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top