ការគាំទ្ររបស់ UN ដល់វិស័យអប់រំកម្ពុជា ជាកិច្ចសហការស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថា ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបានលើការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌។

ក្នុងជំនួបសម្តែងការគួរសម ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការគាំទ្ររបស់អង្គការសហប្រជាជាតិលើប្រព័ន្ធអប់រំរបស់កម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ពោលគឺ “ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌”។

ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពកំណែទម្រង់ការអប់រំ និងអាទិភាពថ្មី ដែលក្រសួងបាននិងកំពុងផ្តោតយកចិត្តទុកដាក់រួមមាន ៖ ការលើកកម្ពស់ការអប់រំកុមារតូច , កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍ , ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី , កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល , ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា , ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១ នងកំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា ។

ជាកិច្ចឆ្លើយតប លោកស្រីបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និងអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តគាំទ្រកាន់តែមានប្រសិទ្ធភាពឆ្លើយតប នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ៕

