ព័ត៌មានជាតិ

សមាគមអតីតនិស្សិតកម្ពុជា សិក្សាពីប្រទេសចិនចាប់ដៃ ជាមួយវិស័យឯកជនចិន ពង្រឹងសមត្ថភាពយុវជន និងសហគ្រិនវ័យក្មេង

ភ្នំពេញ ៖ រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានជំនួបរវាង សមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន (C.C.A.A.) និង ក្រុមហ៊ុនស៊ីណូ-ខេមបូឌាន វេនឈ័រ ក្នុងគោលបំណងពង្រឹងភាពជាដៃគូ និងលើកកម្ពស់ការ ផ្លាស់ប្តូរយុវជន កម្ពុជា–ចិន ស្របតាមទិសដៅអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក LIOA XING តំណាង ក្រុមហ៊ុន ស៊ីណូ-ខេមបូឌាន វេនឈ័រ និង គណៈប្រតិភូ បានលើកយកផែនការសម្រាប់ ឆ្នាំ២០២៦ យកមកជជែកពិភាក្សា ជាមួយសមាគមC.C.A.A.ដែលផ្តោតលើ ៖ ១-ការរៀបចំកម្មវិធីផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាទៅប្រទេសចិន ២-ការផ្តល់អាហារូបករណ៍ និងកម្មវិធីហាត់ការងារ ៣-ការបង្កើតវេទិកាសហការយុវជន និងសហគ្រិនវ័យក្មេង និង ៤-ការបណ្តុះបណ្តាលជំនាញ ផ្នែកបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន ដោយក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅសំខាន់ គឺបង្កើតបណ្តាញយុវជនដែលមានសមត្ថភាព អាចធ្វើការ នៅក្នុងបរិបទអន្តរជាតិ និងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច–វប្បធម៌រវាងប្រទេសទាំងពីរ ។
ក្នុងនាមសមាគមC.C.A.A. លោកបណ្ឌិត ជា មុនីឫទ្ធិ បានវាយតម្លៃខ្ពស់ ចំពោះជំ​នួបនេះ ដែលផ្តល់ផលប្រយោជន៍ សម្រាប់យុវជន នៃប្រទេសទាំងពីរកម្ពុជា ចិន ។

លោកបានបន្តថា ជាលទ្ធផលនៃជំនួប ភាគីយេីងទាំងពីរបានរួមគ្នារៀបចំផែនការសហការ សម្រាប់ឆ្នាំ២០២៦ ដែលផ្តោតលើកម្មវិធីផ្លាស់ប្តូរយុវជន អាហារូបករណ៍ និងហាត់ការ ការបង្កើតវេទិកាសហគ្រិនវ័យក្មេង ព្រមទាំងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យា គ្រប់គ្រង និងភាសាចិន បង្ហាញពីទិសដៅច្បាស់លាស់ ក្នុងការបម្លែង ធនធានមនុស្ស ឱ្យក្លាយ ជាកម្លាំងចលករសេដ្ឋកិច្ច ។ វាជាការឆ្លើយតប សមស្របទៅនឹងតម្រូវការ ទីផ្សារការងារ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែងអន្តរជាតិ ។ បន្ថែម ពីលេីនេះ ភាគីយេីងទាំងពីរបន្តឈរនៅលេីមាត្រដ្ឋានជាតិ ស្របតាមគោលដៅនៃការកសាងមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដោយភ្ជាប់ការសិក្សាទៅនឹងការអនុវត្តជាក់ស្តែង និងបង្កេីនឱកាសការងារជាមួយតម្រូវការវិនិយោគ និងការអភិវឌ្ឍ» ។

លោកបណ្ឌិតបន្តថា ក្រុមការងារ របស់សមាគម ដែលមានលោក បណ្ឌិត ជា ពុំសក្ខីណា អនុប្រធានសមាគមកំពុង បំពេញបេសកកម្មការងារ លើការរៀបចំបញ្ចូលទិន្នន័យរបស់ អតីតនិស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន លើគ្រប់កម្រិតសិក្សា និងគ្រប់ជំនាញ ហើយលោក បណ្ឌិតបានរំលេចថាក្នុងឆ្នាំសិក្សា ២០២៤–២០២៥ និស្សិតកម្ពុជាមានប្រមាណជាង១ពាន់រូបកំពុងសិក្សានៅលើ ជាង ១០០ សាកលវិទ្យាល័យនានា ក្នុងប្រទេសចិន ។ ស្របតាមគោលដៅនៃ«យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១» លោកបណ្ឌិតក៏បានគូសបញ្ជាក់ ពីបេសកកម្ម របស់សមាគមក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាលើការផ្លាស់ប្តូរយុវជន និងការបង្កើនឱកាសសិក្សានៅ ក្រៅប្រទេស ជាពិសេសនៅប្រទេសចិន សំដៅលើក កម្ពស់កិច្ចកសាងមូលធនមនុស្សរបស់កម្ពុជា ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ។

ក្រោយការបិទជំនួប ភាគីទាំងពីរបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តផែនការឆ្នាំ២០២៦ ឱ្យទទួលបាន លទ្ធផលជាក់ស្តែង និងចីរភាព។ ជំនួបនេះ ជាជំហានសំខាន់មួយ ក្នុងការរួមចំណែក អនុវត្តគោលនយោបាយជាតិ ដោយបានបើកទ្វាកាលានុវត្តភាព ដល់យុវជនកម្ពុជាដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់កសាងគ្រឹះអភិវឌ្ឍនៃសង្គមជាតិកម្ពុជា ៕

To Top