ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល លួចចូលទិន្នន័យកាម៉េរ៉ា សុវត្ថិភាពរបស់ទីក្រុងតេហរ៉ង់ មុនពេលធ្វើឃាត មេដឹកនាំកំពូលលោក Khamenei បានសម្រេច

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីសារព័ត៌មាន Financial Times បានរាយការណ៍ដោយដកស្រង់ប្រភពពីព័ត៌មានថា ចារកម្មអ៊ីស្រាអែល បានលួចចូលស្ទើរតែទាំងអស់ នៃកាមេរ៉ាចរាចរណ៍ របស់ទីក្រុងតេហរ៉ង់ ដើម្បីរៀបចំការធ្វើឃាតមេដឹក នាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់លោក Khamenei និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ។ កាមេរ៉ានៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ត្រូវបានលួចចូលអស់រយៈពេលជាច្រើនឆ្នាំ ដោយមានការអ៊ិនគ្រីប encrypted និងបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល។

កាមេរ៉ា​មួយ​ដែល​បាន​ដំឡើង​នៅ​តាម​ផ្លូវ ​ដែល​បរិវេណ​របស់​លោក Khamenei មាន​ទីតាំង​បាន​ផ្តល់​មុំ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​វិភាគ​តាមដាន​យានជំនិះ និង​ទម្លាប់​របស់​បុគ្គលិក​សន្តិសុខ ។ ទិន្នន័យ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​ដំណើរការ​ដើម្បី​បង្កើត​អ្វី​ដែល​អ្នក​ស៊ើបការណ៍​ហៅ​ថា​ជា​ គំរូ​នៃ​ជីវិត​ របស់​មន្ត្រី​និង ​កងការពាររបស់​ពួកគេ។

បន្ថែមពីនោះអ៊ីស្រាអ៊ែល ក៏បានបង្អាក់សមាសធាតុ នៃប៉មសេវាទូរសព្ទចល័តនៅជិតបរិវេណ ដើម្បីទប់ស្កាត់ការព្រមាន ដែលអាចកើតមាន នេះបើយោងតាម ​​FTដដែល ៕

ប្រែសម្រួល៖ស៊ុនលី

To Top