មន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យគុណភាពបរិស្ថាននៅក្រុមហ៊ុនមួយកន្លែង ក្នុងខេត្តកណ្ដាល បន្ទាប់ពីមានករណីកម្មករ ១៩នាក់ មានបញ្ហាសុខភាព
ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីករណីមានកម្មករចំនួន ១៩នាក់ មានអាការៈអស់កម្លាំងទន់ដៃ ទន់ជើង។

ទីតាំងកើតហេតុស្ថិតនៅក្នុងអគារផលិតកម្ម ជួរដេរកាបូប ដែលមានទីតាំងក្បែរជួរប្រើប្រាស់កាវបិតស្បែកកាបូប។ ក្រោយពីមានការកើតហេតុ ក្រុមហ៊ុនបានបញ្ជូនកម្មករ និងកម្មការិនី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនគុយវ៉ែត និងមណ្ឌលសុខភាពព្រែកអញ្ចាញ។

នៅវេលាយប់ថ្ងៃដដែលកម្មការិនីដែលបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកអញ្ចាញ មានសភាពធូរស្បើយ និងកំពុងសម្រាកតាមដានសុខភាពបន្តចំនួន១២នាក់ ដោយឡែកកម្មការិនីដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគុយវ៉ែត បានត្រលប់ទៅផ្ទះវិញអស់ហើយ។

ក្រុមការងារ បានដាក់ឧបករណ៍តេស្តគុណភាពខ្យល់ក្នុងអគារផលិតកម្មកន្លែងកើតហេតុ និងបរិវេណក្រៅអគារផលិតកម្មផងដែរ។ ជាលទ្ធផល គុណភាខ្យល់គឺនៅក្រោមកម្រិតស្តង់ដា មិនមានការបំពុលខ្យល់កើតឡើងនៅក្នុងរោងចក្រ នេះបើតាមការធ្វើតេស្តបឋមលើគុណភាពខ្យល់ក្នុងរោងចក្រនាវេលាយប់ថ្ងៃដែលបានកើតឡើងករណីខាងលើ។

ក្រុមការងារ នឹងបន្តតាមដានលើគុណភាពខ្យល់ នៅថ្ងៃនេះ ក្នុងពេលដែលមានកម្មករធ្វើការបន្ថែមទៀត៕

