រដ្ឋមន្ត្រីវប្បធម៌៖ យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់និងកែច្នៃ វប្បធម៌បរទេស ឱ្យស្របតាមគន្លង វប្បធម៌ជាតិដ៏ថ្លៃថ្លា
ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់និងកែច្នៃវប្បធម៌បរទេស ឱ្យស្របតាមគន្លងវប្បធម៌ជាតិ ដ៏ថ្លៃថ្លារបស់យើង ។

ការថ្លែងរបស់លោកស្រីរដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦» និងពិធីសំណេះ សំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ថ្លែងក្នុងឱកាសនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា ជាការពិតណាស់ សព្វថ្ងៃយុវជន កំពុងប្រឈមមុខ នឹងឥទ្ធពលដ៏ខ្លាំងក្លា នៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈ បច្ចេកវិទ្យាឌីជីថល ហើយត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាន និងផលអវិជ្ជមាន។ ខណៈដែលយុវជន អាចរៀនសូត្រពីពិភពលោក បានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពល លើអត្តសញ្ញាណជាតិរបស់យើងផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា “ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់និងកែច្នៃវប្បធម៌បរទេស ឱ្យស្របតាមគន្លងវប្បធម៌ជាតិ ដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជន ឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយ ដែលយុវជនមានមោទនភាព ចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់វាជា មូលដ្ឋានដ៏រឹងមាំ សម្រាប់ការច្នៃប្រឌិតថ្មីៗ ។

បន្ថែមលើនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានសង្កេតឃើញនូវការ ប៉ុនប៉ងយកមរតកវប្បធម៌ របស់ជាតិយើង ទៅបកស្រាយខុស ពីប្រភពដើម ពីសំណាក់ប្រទេសជិតខាងយើង ខណៈដែលលោកស្រីរដ្ឋមន្ត្រី ចាត់ទុកថានេះមិនមែនជាបញ្ហាថ្មីទេ ប៉ុន្តែជាការដាស់តឿនឱ្យយើងទាំងអស់គ្នាយល់ថា ការការពារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ មិនមែនជាកាតព្វកិច្ច របស់ក្រសួងតែមួយនោះទេ តែជាភារកិច្ចរួមរបស់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនបន្តវេន៕





