ព័ត៌មានជាតិ

បច្ចុប្បន្នភាព ការដួលសន្លប់កម្មករ រោងចក្រស៊ីហាវ ៖ ក្រសួងការងារថា កម្មករ ១៩នាក់ បានជាសះស្បើយចេញទៅផ្ទះវិញ ខណៈមូលហេតុបឋម អាចមកពីការកើនកំដៅ ក្នុងអគារផលិតកម្ម

ភ្នំពេញ ៖ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ១៩នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី៤ ខែមីនានេះ ខណៈកម្មករ ១២នាក់ផ្សេងទៀត កំពុងសម្រាកបន្តនៅមណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោកថ្លែងថា៖ “សុខទុក្ខរបស់កម្មករ គឺជាការងារអាទិភាពរបស់ក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារលោកយកចិត្តទុកដាក់។ ក្នុងនោះ ភ្លាមៗក្រោយទទួលបានដំណឹង ក្រុមមន្ត្រីជំនាញរបស់ក្រសួង រួមទាំងមន្ទីរក.ប.ខេត្តកណ្តាលផង បានចុះពិនិត្យ និងជួយសម្រួលជូនបងប្អូន ទៅកាន់មន្ទីរពេទ្យ និងបន្តសម្របសម្រួលនៅទីតាំងជាក់ស្តែង ខណៈដែលជំនាញផ្នែកសុវត្ថិភាព ការងារបស់ក្រសួង កំពុងអង្កេត និងសរុបលើការអង្កេត ដើម្បីផ្តល់សេចក្តីសន្និដ្ឋានរួម” ។

អ្នកនាំពាក្យរូបនេះបញ្ជាក់នៅព្រឹកថ្ងៃទី៤ ខែមីនាថា ការរដួលសន្លប់កម្មករនិយោជិតរោងចក្រស៊ីនហាវ ហ៊ែន ប៊ែក ឯ.ក ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនេះ គឺផ្តើមចេញពីកម្មការិនីចំនួន ២នាក់ ទី១ ឈ្មោះ រស់ ស្រីនី អាយុ ៣៦ឆ្នាំ និងទី២ ឈ្មោះ វេង ណៃលីន អាយុ ៣៤ឆ្នាំ ដែលធ្វើការនៅផ្នែកដេរជាមួយគ្នា មានអាការៈវិលមុខ ថប់ដង្ហើម ទន់ដៃទន់ជើងសន្លប់។

បន្ទាប់មកកម្មករដែលនៅជិតគាត់បានគ្រាជនរងគ្រោះទៅបន្ទប់ពេទ្យរោងចក្រ ពេលនោះក្រុមការងារជំនួយការផ្នែករដ្ឋបាលបានជួយ ធ្វើការសង្រ្គោះបឋមភ្លាមៗ និង បានបញ្ជូនបន្តទៅមជ្ឃមណ្ឌលសុខភាព ព្រែកអញ្ចាញ ។ ចំណែកកម្មករ ផ្សេងទៀត ដែលនៅក្បែរនោះបានឃើញហេតុការណ៍នេះ ក៏មានអាការៈ ភិតភ័យ ទន់ដៃទន់ជើង សន្លប់តគ្នា ជាបន្តបន្ទាប់។

លោកថ្លែងថា៖ “មូលហេតុបឋម ដែលក្រុមជំនាញនៃក្រសួងការងាររកឃើញ គឺ រោងចក្រមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ និងការសំអាតបរិយាកាស ក្នុងអគាផលិតកម្មពុំបានត្រឹមត្រូវ បរិយាការណ៍កម្ដៅក្នុងអគាផលិតកម្មមានសភាពក្ដៅ និងមានក្លិនកាវ”។

បើតាមលោក ស៊ុន មេសា កម្មករត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួលពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមីនានិងចូលធ្វើការនៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២៦៕

To Top