សង្គ្រាមរយៈពេល ៥ថ្ងៃ នាវាអ៊ីរ៉ង់ ១៧ គ្រឿងត្រូវបានបំផ្លាញ
វ៉ាស៊ីនតោន ៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន ១៧ គ្រឿង ដោយបានបំផ្លាញសមត្ថភាពកងទ័ពជើងទឹកអ៊ីរ៉ង់ស្ទេីទាំងស្រុង។
លោក Brad Cooper មេបញ្ជាការ CENTCOM បានឧ្យដឹង នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើវេទិកាសង្គម X ថា “អ្នកទាំងឡាយជាច្រើន ប្រហែលជាចងចាំការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យស្ញប់ស្ញែងនៅឆ្នាំ ២០០៣។ ២៤ ម៉ោងដំបូងនៃប្រតិបត្តិការនេះ មានទំហំធំជាងទ្វេដង ហើយយើងបន្តការវាយប្រហារ ២៤ម៉ោងទៅលើប្រទេសអ៊ីរ៉ង់ ពីបាតសមុទ្ររហូតដល់លំហអាកាស និងអ៊ីនធឺណិត”។
លោក Cooper បានលេីកឡេីងថា “ឥឡូវនេះ យើងមានរយៈពេលតិច ជាង ១០០ ម៉ោងនៅក្នុងប្រតិបត្តិការនេះ ហើយយើងបានវាយប្រហារ គោលដៅជិត ២០០០ រួចហើយជាមួយនឹងគ្រាប់រំសេវជាង ២០០០ គ្រាប់។
លោកបន្ដថា “យើងបានធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ចុះខ្សោយយ៉ាងខ្លាំង និងបានបំផ្លាញមីស៊ីលផ្លោង ជើងទម្របាញ់ និងយន្តហោះគ្មានមនុស្សបើករាប់រយរបស់អ៊ីរ៉ង់”។
លោកបានមានប្រសាសន៍ថា “យើងក៏កំពុងបំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់ដែរ គឺកងទ័ពជើងទឹកទាំងមូល។ រហូតមកដល់ពេលនេះ យើងបានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន ១៧ គ្រឿង រួមទាំងនាវាមុជទឹកអ៊ីរ៉ង់ដែលដំណើរការច្រើនបំផុត ដែលឥឡូវនេះមានរន្ធនៅចំហៀងខ្លួន”។
CENTCOM ក៏បានឧ្យដឹងផងដែរថា ភាគីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ៥០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាង ២០០០ គ្រឿង ចាប់តាំងពីការចាប់ផ្តើមវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
