ការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងណាមួយ មិនអាចបម្រើជាផលប្រយោជន៍ សម្រាប់គ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ
ប៉េកាំង៖ ការចៀសវាងការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ គឺជាផលប្រយោជន៍ជាមូលដ្ឋានរបស់គ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។
លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar តាមសំណើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល។
បន្ទាប់ពីស្តាប់ការសង្ខេបរបស់លោក Sa’ar ស្តីពីជំហររបស់អ៊ីស្រាអែល ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន លោក វ៉ាង យី បានលេីកឡេីងថា ប្រទេសចិន បានតស៊ូមតិជាប់លាប់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកអន្តរជាតិ និង តំបន់តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយគ្រប់ភាគីទាំងអស់ គួរតែគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកបន្ដថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដោយបន្ថែមថា ការចរចាថ្មីៗរវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានធ្វើឱ្យមានវឌ្ឍនភាពច្បាស់លាស់ និងបានដោះស្រាយកង្វល់សន្តិសុខ របស់អ៊ីស្រាអែលផងដែរ។
លោកបានលេីកឡេីងថា ជាអកុសល ដំណើរការនេះត្រូវបានរំខាន ដោយការវាយប្រហារដោយយោធា នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសចិន ប្រឆាំងនឹងការវាយប្រហារដោយយោធាដែលធ្វើឡើងដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ ការប្រើប្រាស់កម្លាំងមិនអាចដោះស្រាយបញ្ហានេះបានពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ វានឹងបង្កើតបញ្ហាថ្មីៗ និងផលវិបាកកាន់តែធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា
