សម្តេច ម៉ែន សំអន ណែនាំឱ្យយកថ្ងៃដើរលេងកម្សាន្ត ទៅជាថ្ងៃសម្រាប់ចុះជួបសួរសុខទុក្ខជនភៀសសឹក និងអ្នករបួសនៅមន្ទីរពេទ្យ តាមបណ្តាខេត្តជួរមុខ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច ។

ក្នុងឱកាសនោះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងបានយកចិត្តទុក្ខដាក់ លើកកម្ពស់ និងគាំទ្រនូវរាល់សកម្មភាពរបស់ស្ត្រី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចក៏បានស្នើឱ្យសមាជិក សមាជិក នៃអង្គពិធីទាំងមូល ត្រូវប្រែក្លាយថ្ងៃរីករាយ ដើរលេងកម្សាន្ត ឱ្យក្លាយទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូន ដែលជាជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យ នៅតាមបណ្តាខេត្តជួរមុខ។

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរ ចំពោះ លោកស្រី ចម ក្រស្នា ដែលត្រូវបានប្រកាសជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅ ទៅតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បន្ថែមថា ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ» នៅក្នុងឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង រំលេចពីសារៈសំខាន់ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះ ជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ។

គួររំឭកថា ក្នុងឱកាសទិវា ៨មីនា ជារៀងរាល់ឆ្នាំ កម្ពុជារួមទាំងប្រទេសនានាទូទាំងសកលលោក បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៕





