ព័ត៌មានជាតិ

អនុព័ន្ធយោធាបរទេស ចុះពិនិត្យទីតាំងជាក់ស្តែង នៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ក្នុងស្រុកថ្មពួក

បន្ទាយមានជ័យ ៖ អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យទីតាំងជាក់ស្តែង នៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំង ដោយកម្លាំងយោធាថៃ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំង ដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង ហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ សាធារណនានា ក្នុងតំបន់នោះដែលត្រូវបានបំផ្លិចបំផ្លាញ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់ របស់យោធាថៃ និងស្ថានការណ៍ នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕

To Top