ព័ត៌មានអន្តរជាតិ

សេតវិមានអាមេរិក​ អះអាងថា​ កងកម្លាំងអាមេរិក​ នឹងមានឥទ្ធិពលពេញលេញ លើដែនអាកាសអ៊ីរ៉ង់​ ក្នុងពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖​ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក​ នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានម៉ោង ខាងមុខនេះ។

លោកស្រី Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់សេតវិមានថា «យើងរំពឹងថា​ នឹងមានការគ្រប់គ្រងទាំងស្រុង លើដែនអាកាសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។

លោកស្រីបានបន្ថែមថា ការដាក់ពង្រាយកងទ័ពជើងគោក របស់សហរដ្ឋអាមេរិក​ ទៅកាន់ប្រទេសអ៊ីរ៉ង់​ មិនទាន់ត្រូវបានគ្រោងទុក នៅឡើយទេ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយពីមុនថា លោកបើកចំហ​ ចំពោះជម្រើសនេះនាពេលអនាគតក៏ដោយ។

មុននេះបន្តិច រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth បានឧ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរបស់មន្ទីរបញ្ចកោណថា ប្រតិបត្តិការយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់នៅតែស្ថិត ក្នុងដំណាក់កាលដំបូងនៅឡើយ។

លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ របស់អាមេរិក​ បានឧ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកនឹង ចាប់ផ្តើមវាយប្រហារកាន់តែជ្រៅទៅក្នុងទឹកដីអ៊ីរ៉ង់ នៅពេលដែលប្រតិបត្តិការកំពុងពង្រីក។

កងកម្លាំងការពារជាតិ អ៊ីស្រាអែល បានប្រាប់ CNN ថា អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បានធ្វើការវាយប្រហារ សម្របសម្រួល លើកដំបូងរបស់ពួកគេទៅលើ អ៊ីស្រាអែល ចំពេលមានការកើនឡើង នៃសង្គ្រាមជាបន្តបន្ទាប់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top