ព័ត៌មានជាតិ

រដ្ឋមន្រ្តីរ៉ែ ៖ រាជរដ្ឋាភិបាល កំពុងចរចាជាមួយក្រុមហ៊ុន ដើម្បីបង្កើតរោងចក្រ ចម្រាញ់ប្រេង

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយក្រុមហ៊ុន ឯកជនមួយចំនួន ដើម្បីឈានទៅបង្កើត រោងចក្រចម្រាញ់ប្រេងកាត់នៅកម្ពុជា សម្រាប់ស្តុកទុកប្រេងឆៅ ។

លោក កែវ រតនៈ បានប្រាប់ក្រុមអ្នកសារព័ត៌មាន​ ក្រោយបញ្ចប់សុន្ទរកថា និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ថា ដោយសារកម្ពុជា មិនទាន់មានរោងចក្រចម្រាញ់ប្រេងកាត់ ហើយពុំទាន់មានលទ្ធភាពស្តុកទុកប្រេងឆៅ ដើម្បីយកមកកែច្នៃនៅឡើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកកិច្ចពិភាក្សា ជាមួយបណ្តាក្រុមហ៊ុន វិនិយោគមួយចំនួន ដើម្បីឈានទៅបង្កើត រោងចក្រចម្រាញ់ប្រេងកាត់នៅកម្ពុជា នាពេលឆាប់ៗខាងមុខ ។

លោកបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបង្កើតរោងចក្រប្រេងកាត់មួយបាន ទាល់តែមាត្រដ្ឋានសេដ្ឋកិច្ច និងទីផ្សារយ៉ាងធំទូលាយ ខណៈកន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏មានបំណងបង្កើតឡើងដែរ ប៉ុន្តែដោយសារសេដ្ឋកិច្ច និងទីផ្សារកម្ពុជា នៅមានលក្ខណៈតូចចង្អៀតនៅឡើយ ជាហេតុផលមិនទាន់​ សមស្របក្នុងការបង្កើតឡើង ។

លោកសង្កត់ធ្ងន់ថា “ឥឡូវនេះ រាជរដ្ឋាភិបាល កំពុងតែជជែកយ៉ាងសកម្ម ក្នុងការឈានទៅបង្កើត រោងចក្រចម្រាញ់ ប្រេងកាត់នេះ បើសិនជាយើងមានរោងចក្រនេះ គឺយើងអាចស្តុកប្រេងឆៅ ។ ឥឡូវកំពុងជជែកគ្នា ហើយការជជែកគ្នា បាន៣-៤-៥ខែហើយ ប៉ុន្តែកំពុងជជែកគ្នា ដើម្បីធ្វើម៉េចឲ្យរោងចក្រនេះចេញ ។ យើងចង់បានណាស់ ទាំងសម្តេចតេជោ និងសម្តេចធិបតី” ។

ប៉ុន្តែលោក កែវ រតនៈបន្ថែមថា ការវិនិយោគទាមទារឲ្យមានទីផ្សារធំ តែទីផ្សារកម្ពុជាតូចនៅឡើយទើបមានការពន្យារពេល ។
រដ្ឋមន្រ្តីក្រសួងថាមពល បានបង្ហាញក្តីសង្ឃឹមថា បើគ្មានការប្រែប្រួល យ៉ាងយូរ៣ឆ្នាំទៀត រោងចក្រចម្រាញ់ប្រេងកាត់នេះ នឹងលេចចេញជារូបរាង បើសិនជាការចរចា រវាងក្រសួងស្ថាប័ន ពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន មានសុទ្ធិនិយមល្អ ៕

To Top