នាវាទេសចរណ៍បរទេស ដឹកអ្នកដំណើរជិត២ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព។

នាវាដឹកភ្ញៀវចម្រុះជាតិសាសន៍នេះ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី ២០១ នាក់) មាន ៤៦ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤ នាក់) មាន ៤៦ សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិកចំនួន១,០៧៥ នាក់ និងកាណាដាចំនួន២២៣ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង១៩នៅថ្ងៃដដែល៕






