អ៊ីរ៉ង់ បើកការវាយប្រហារថ្មី ដោយបាញ់មីស៊ីល ប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា
បរទេស៖ អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីប្រឆាំងនឹងមូលដ្ឋាន យោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ខណៈដែលការវាយប្រហារ តាមអាកាសបានបន្តឡើងវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនាវាមុជទឹកអាមេរិកមួយគ្រឿង បានបាញ់ពន្លិចនាវាចម្បាំងរបស់អ៊ីរ៉ង់មួយគ្រឿង ហើយអ៊ីរ៉ង់បានគំរាមកំហែងបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចនៅទូទាំងតំបន់។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែលបានប្រកាសពីការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ ហើយស៊ីរ៉ែនតាមអាកាស បានបន្លឺឡើងនៅទីក្រុង Tel Aviv និង Jerusalem។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា ការវាយប្រហារបន្ថែម ក៏បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកផងដែរ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីនៅក្នុងប្រទេសលីបង់ ដោយកំណត់គោលដៅក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង បេរ៉ូត។
ការប្រយុទ្ធគ្នាបានបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់នៅថ្ងៃពុធ។
ល្បឿននៃការវាយប្រហារលើអ៊ីរ៉ង់ គឺខ្លាំងរហូតដល់ទូរទស្សន៍រដ្ឋបានប្រកាសថា ពិធីកាន់ទុក្ខសម្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅដើមជម្លោះ នឹងត្រូវពន្យារពេល។ មនុស្សរាប់លាននាក់បានចូលរួមពិធីបុណ្យសពរបស់អ្នកកាន់តំណែងមុនរបស់គាត់គឺ Ayatollah Ruhollah Khomeini ក្នុងឆ្នាំ 1989៕
ប្រែសម្រួលៈ ណៃ តុលា
