ស្លូវ៉ាគី កាត់ផ្តាច់កម្មវិធីជំនួយ ថាមពលអគ្គិសនី ទៅឲ្យអ៊ុយក្រែនក្នុងគ្រាអាសន្ន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ប្រតិបត្តិករ ថាមពលរដ្ឋ SEPS បានប្រកាសថា ប្រទេសស្លូវ៉ាគី នឹងបញ្ចប់កិច្ចសន្យាផ្គត់ផ្គង់អគ្គិសនី ក្នុងគ្រាអាសន្នជាមួយអ៊ុយក្រែន។
ការផ្លាស់ប្តូរនេះកើតឡើង ចំពេលមានជម្លោះបន្តរវាងទីក្រុងគៀវនិងទីក្រុង Bratislava ជុំវិញបំពង់បង្ហូរប្រេង Druzhba សម័យសូវៀត ដែលដឹកប្រេងឆៅពីរុស្ស៊ីទៅកាន់ប្រទេសស្លូវ៉ាគី និងហុងគ្រី។
បំពង់បង្ហូរប្រេងនេះបានដំណើរការក្រៅ បណ្តាញកាលពីចុងខែមករា ដោយទីក្រុងគៀវបានអះអាងថា វាត្រូវបានខូចខាតដោយការវាយប្រហារ រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូបានបដិសេធ។
យ៉ាងណាក្តីប្រទេសស្លូវ៉ាគី និង ហុងគ្រីបានបន្ទរជំហររបស់រុស្ស៊ី ដោយចោទប្រកាន់អ៊ុយក្រែនថា បានរំខានការផ្គត់ផ្គង់ដោយចេតនា សម្រាប់ហេតុផលនយោបាយ និងគំរាមកំហែងសងសឹក។
នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានបញ្ជាឱ្យផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបន្ទាន់ពីប្រទេសរបស់លោកទៅកាន់អ៊ុយក្រែនកាលពីសប្តាហ៍មុន ខណៈពេលដែលការគំរាមកំហែង ជំហានទៅវិញទៅមក ប្រសិនបើការផ្គត់ផ្គង់ប្រេងមិនត្រូវបានបន្ត។ ដោយបានប្រកាសពីការផ្អាក លោក Fico បានបញ្ជាក់ជាថ្មីថា សកម្មភាពរបស់អ៊ុយក្រែនគឺជា ការសម្រេចចិត្តនយោបាយសុទ្ធសាធ ដែលមានគោលបំណងបង្ខូចឈ្មោះស្លូវ៉ាគី។
កិច្ចសន្យាជាមួយប្រតិបត្តិករថាមពលអ៊ុយក្រែន Ukrenego ដែលគ្របដណ្ដប់លើការផ្គត់ផ្គង់គ្រាអាសន្ន ឥឡូវនេះត្រូវបានកំណត់ថានឹងត្រូវបញ្ចប់ នេះបើយោងតាមការបញ្ជាក់ដោយនាយក SEPSគឺលោក Martin Magath បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលមួយ។ លោកបានបង្ហើបថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ អ៊ុយក្រែនបានទាក់ទងទៅប្រទេសស្លូវ៉ាគីសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជាបន្ទាន់ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕
ប្រែសម្រួល៖ស៊ុនលី
