ព័ត៌មានអន្តរជាតិ

ភាគហ៊ុនអាមេរិកធ្លាក់ចុះ ខណៈភាពតានតឹង នៅមជ្ឈិមបូព៌ា ជំរុញឱ្យតម្លៃប្រេងកើនឡើង

ញូវយ៉ក៖​ ភាគហ៊ុនអាមេរិក បានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍ ដោយសារជម្លោះកាន់តែកើនឡើងនៅមជ្ឈិមបូព៌ា និងការកើនឡើងឡើងវិញ នៃតម្លៃប្រេងបានធ្វើឱ្យ Wall Street មានសម្ពាធយ៉ាងខ្លាំង។

សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានធ្លាក់ចុះ ១.៦១ភាគរយមកត្រឹម ៤៧,៩៥៤,៧៤។ សន្ទស្សន៍ S&P 500 បានធ្លាក់ចុះ ០.៥៦ភាគរយមកត្រឹម ៦,៨៣០,៧១។ សន្ទស្សន៍ Nasdaq Composite បានធ្លាក់ចុះ ០,២៦ភាគរយមកត្រឹម ២២,៧៤៨,៩៩។

ក្នុងចំណោមវិស័យសំខាន់ៗចំនួន ១១​ របស់ S&P 500 មានចំនួន៨​ បានបញ្ចប់ដោយពណ៌ក្រហម ដោយទំនិញប្រើប្រាស់សំខាន់ៗ និងសម្ភារៈនាំមុខគេដោយធ្លាក់ចុះ ២.៤៣ភាគរយ និង ២.២៧ភាគរយរៀងៗខ្លួន។ ថាមពល និងបច្ចេកវិទ្យានាំមុខគេដោយកើនឡើង ០.៥៩ភាគរយ និង ០.៣៩ភាគរយរៀងៗខ្លួន។

តម្លៃប្រេងបានកើនឡើង គួរឱ្យកត់សម្គាល់បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសថា​ ខ្លួនបានវាយប្រហារនាវាដឹក ប្រេងមួយគ្រឿងដោយមីស៊ីល។

អនាគតប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក សម្រាប់ចែកចាយខែមេសា​ បានកើនឡើង ៨,៥១ ភាគរយដល់ជាង ៨១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។

កិច្ចសន្យាអនាគតប្រេងឆៅ Brent របស់អន្តរជាតិសម្រាប់ ចែកចាយខែឧសភាបានកើនឡើង ៤,៩៣ ភាគរយ ដោយជួញដូរលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ។ ចលនាកើនឡើងយ៉ាងខ្លាំងទាំងនេះ នៅក្នុងទីផ្សារថាមពលបានជំរុញ ឱ្យមានការប្រែប្រួល ដ៏សំខាន់នៅទូទាំងភាគហ៊ុនពេញមួយវគ្គជួញដូរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top