ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាព ទាំងឡាយណាធ្វើឱ្យប៉ះពាល់កិត្តិយស គ្រូបង្រៀន

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និង កីឡា នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះសកម្មភាពទាំងឡាយ ណាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌ ក្នុងបរិវេណសាលារៀន។

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយ នៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ បាន ចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យ សំដីមិនសមរម្យរបស់បុគ្គល មួយរូប ដែលបានចូលធ្វើសកម្មភាពរំខាន ដល់ការបំពេញការងារ និងរៀន សូត្ររបស់សិស្ស ក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និង ការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

ក្រសួង មិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ ក្នុងន័យនេះ ក្រសួង ស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។

ជាមួយគ្នានេះ ក្រសួង បានគូសបញ្ជាក់ថា «សូមអំពាវនាវ ដល់សាធារណជន ទាំងអស់ សូមចៀសវាងនូវរាល់ សកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកគ្រូ លោកគ្រូ និងមន្ត្រីអប់រំ។ ក្នុងករណីដែលមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើ ឱ្យប៉ះពាល់ដល់កិត្តិយសរបស់ គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌ នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន»។

To Top