ព័ត៌មានអន្តរជាតិ

តើផែនការអភិវឌ្ឍន៍ក្នុងឆ្នាំថ្មី និងប្រាំឆ្នាំ ខាងមុខ របស់ប្រទេសចិន បានបញ្ចូនសញ្ញាអ្វីខ្លះ ទៅកាន់ពិភពលោក?

ដូចការគ្រោងទុក មហាសន្និបាត នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន (NPC) បានបើកធ្វើនៅថ្ងៃទី៥ ខែមីនា ចំណែកមហាសន្និបាតនៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន(NCCPPCC)បានបើកធ្វើនៅថ្ងៃទី៤ ខែមីនាកន្លងទៅនេះ ។ មហាសន្និបាតនៃសភាទាំងពីរ របស់ប្រទេសចិនដែលបើកធ្វើមួយឆ្នាំម្តង មិនត្រឹមតែជាការកំណត់ ផែនការអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកំណត់ផែនការសម្រាប់ការអភិវឌ្ឍជាមួយពិភពលោកផងដែរ ដូច្នេះទទួលបានការតាមដានជា ទូទៅពីសំណាក់សហគមន៍អន្តរជាតិ។

ជាពិសេសក្នុងមហាសន្និបាត នៃសភាទាំងពីរលើកនេះ ក្រៅពីការពិនិត្យពិភាក្សារបាយការណ៍ការងាររបស់រដ្ឋាភិបាល តំណាងប្រជាជននៃ NPC និងសមាជិកនៃ NCCPPCC ក៏នឹងពិនិត្យពិភាក្សាសេចក្តីព្រាងនៃ«ផែនការ៥ ឆ្នាំទី១៥» ដើម្បីឈានដល់ការ អនុម័តជាផ្លូវការ ដោយមហាសន្និបាត NPC ដែលនឹងកំណត់ពីទិសដៅការងារ របស់ប្រទេសជាតិ ក្នុងអំឡុងពេល៥ ឆ្នាំខាងមុខ ។

ក្នុងរបាយការណ៍ការងាររដ្ឋាភិបាល ដែលថ្លែងដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិនក្នុងពិធីបើកមហាសន្និបាត NPC ឱ្យដឹងថា ផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនក្នុង ឆ្នាំ២០២៥ មានកំណើន៥% ឯគោលដៅGDPក្នុងឆ្នាំ២០២៦ នេះគឺក្នុងចន្លោះ៤.៥%-៥% ដែលបង្ហាញពីភាពធន់ និងភាពនឹងនរនៃសេដ្ឋកិច្ចចិនបើ ទោះបីជាស្ថិតក្នុងបរិបទ ដែលនិម្មាបនកម្មពិភពលោក មានការប្រែប្រួលដ៏ខ្លាំងក្លា ហើយស្ថានការណ៍អន្តរជាតិ មានភាពស្មុគស្មាញ និងសណ្តាប់ធ្នាប់សកលកំពុងប្រឈម នឹងការសាកល្បងដ៏តឹងរ៉ឹងក៏ដោយ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោក ការអភិវឌ្ឍរបស់ប្រទេសចិន មានទំនាក់ទំនង យ៉ាងស្អិតល្មួតជាមួយនឹង ការអភិវឌ្ឍរបស់ពិភពលោក ។ ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលតែង តែលើកឡើងថា៖ «ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតឆ្ងាយ ពីពិភពលោកបានទេ ឯការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនដែរ» ។ អាស្រ័យហេតុនេះ គេសង្កេតឃើញថា ចាប់តាំងពីការអនុវត្តគោលនយោបាយកំណែ ទម្រង់និងបើកទូលាយកាលពីឆ្នាំ១៩៧៨ មក ផែនការអភិវឌ្ឍន៍ជាតិ របស់ចិនក្រៅអំពីផ្តោត លើការខិតខំប្រឹងប្រែងអភិវឌ្ឍ ប្រទេសខ្លួនឱ្យរីកចម្រើននិងខ្លាំងក្លា ក៏បានផ្តោតសំខាន់លើការ តភ្ជាប់ជាមួយពិភពលោកផងដែរ ពោលគឺចូលរួមយ៉ាងសកម្មជាមួយនឹង ការអភិវឌ្ឍរបស់ពិភពលោក រហូតដល់ដើរតួនាទីជាក្បាលម៉ាស៊ីន ដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកទៀតផង ។
ភាពប្រាកដប្រជានៃសេដ្ឋកិច្ចចិន ដែលរក្សាការអភិវឌ្ឍ ក្នុងភាពនឹងនរ បានរួមចំណែកក្នុងចន្លោះ៣០% ចំពោះកំណើន GDP របស់ពិភពលោកជារៀងរាល់ឆ្នាំ ដែលមានន័យថា រាល់កំណើនសេដ្ឋកិច្ចមួយភាគរយរបស់ប្រទេសចិន គឺស្មើនឹងទំហំសេដ្ឋកិច្ចសរុបក្នុងមួយឆ្នាំរបស់ប្រទេសចំណូលមធ្យម។ ក្នុងបរិបទដែលល្បឿនកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថាមានត្រឹមតែ៣.៣% ការដែលប្រទេសចិនដាក់ចេញទិសដៅកំណើន GDP ក្នុងចន្លោះ៤.៥%-៥%ក្នុងឆ្នាំ២០២៦ គឺបានបង្ហាញពីមូលដ្ឋានគ្រឹះដ៏រឹងមាំផង ក៏ជាការបង្ហាញពីការស្វែងរកការអភិវឌ្ឍដោយអនុលោមតាមសភាពជាក់ស្តែងផង ពោលគឺគោរពតាមការពិត មិនបំផ្លើសបំប៉ោង ។

ទិសដៅការងារក្នុងឆ្នាំ២០២៦ របស់ចិន ក៏បានប្រាប់ទៅពិភពលោកថា ប្រទេសចិននឹងផ្តោតលើការកសាង ទីផ្សារក្នុងស្រុកដ៏ខ្លាំងក្លា , ពន្លឿនការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណីនិងអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មី , លើកកម្ពស់ការកសាងសមត្ថភាពអភិវឌ្ឍន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យនិងម្ចាស់ការ , ជំរុញយ៉ាងប្រាកដប្រជា នូវការស្តារនិងអភិវឌ្ឍជនបទ , ជំរុញការធ្វើនគរូបនីយកម្មទំនើប , ជំរុញការធ្វើបរិវត្តកម្មបៃតង និងពង្រីកថែមទៀតនូវការ បើកទូលាយ ចំពោះក្រៅប្រទេស ដូចជាការជំរុញការកែលម្អរចនាសម្ព័ន្ធ និងពង្រីកទំហំនៃពាណិជ្ជកម្ម អន្តរជាតិ ពង្រីកកិច្ចសហការនិង វិនិយោគទៅវិញទៅមក ពិសេសគឺការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺការអនុម័ត«ផែនការ៥ ឆ្នាំទី១៥» ដែលវានឹងបង្ហាញជូនពិភពលោកអំពីភារ កិច្ចជាយុទ្ធសាស្ត្រសំខាន់ របស់ប្រទេសចិន ក្នុងអំឡុងពេល៥ ឆ្នាំខាងមុខ ជាពិសេសប្រទេសចិនបានដាក់ ចេញគោលដៅរយៈពេលវែងមួយគឺការសម្រេចបានជាមូលដ្ឋាននូវការកសាងសង្គមនិយមទំនើបនៅឆ្នាំ២០៣៥ ដូច្នេះ«ផែនការ៥ ឆ្នាំទី១៥» ដែលអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាដំណាក់កាលគន្លឹះសម្រាប់ការ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣៥ ។ តាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ក្នុងអំឡុងពេល៥ ឆ្នាំនេះ ប្រទេសចិននឹងផ្តោតលើការជំរុញការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ , ពង្រឹងនិងពង្រីកសេដ្ឋកិច្ចវិលជុំក្នុងប្រទេស , ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា និង ធ្វើផែនការគោលសម្រាប់ការ អភិវឌ្ឍនិងសន្តិសុខ។

មិនថាទិសដៅការងារ ប្រចាំឆ្នាំឬទិស ដៅការងាររយៈពេលវែង គឺសុទ្ធតែបានប្រាប់ទៅពិភពលោកថា ប្រទេសចិនបានត្រៀម ខ្លួនរួចរាល់ហើយ សម្រេចការឆ្លើយតបនឹងគ្រប់និន្នាការនៃយុគសម័យតាមរយៈភាពបត់បែន ភាពធន់និងភាពចាស់ទុំនៃគោល នយោបាយរបស់ខ្លួន ។ អ្វីដែលមិនប្រែប្រួលនោះគឺ មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលយ៉ាងណាក្តី ក៏ចិនមិនផ្តោតតែលើការអភិវឌ្ឍ របស់ខ្លួនដើម្បីនាំមកនូវផលប្រយោជន៍និង សុខុមាលភាពសម្រាប់ប្រជាជន គ្រប់រូប ប៉ុណ្ណោះទេ ប៉ុន្តែចិនក៏រីករាយចែករំលែក ឱកាសអភិវឌ្ឍន៍របស់ខ្លួន ជាមួយបណ្តាប្រទេសជាមិត្ត ចែករំលែកទីផ្សារធំ របស់ខ្លួនជា មួយវិនិយោគិន គ្រប់ជាតិសាសន៍ ដើម្បីឆ្ពោះទៅការសម្រេច ចក្ខុវិស័យអភិវឌ្ឍន៍រួម វិបុលភាពរួម និងទីបំផុតគឺសម្រេចការកសាងសហគមន៍ ជោគវាសនារួមសម្រាប់មនុស្សជាតិ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top