កម្ពុជា-ចិន ចុះហត្ថលេខា ស្តីពី «គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ»
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពី «គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ» ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។

គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោកឯកអគ្គរដ្ឋទូត ដែលតែងតែឈរ ជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕
