លោក ប៉ែន បូណា ៖ ជនភៀសសឹក មិនខ្វះទឹក ប្រើប្រាស់ឡើយ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់ ទៅមនុស្សមួយចំនួនថា ប្រជាពលរដ្ឋជាជនភៀសសឹក កំពុងនៅជំរំ ពុំមានការខ្វះខាតទឹកប្រើប្រាស់ ប្រចាំថ្ងៃនោះឡើយ ។

ការលើកឡើង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលយ៉ាងដូច្នេះ បន្ទាប់មានព័ត៌មានមិនពិតមួយចំនួន ត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកចង់ បំបែកបំបាក់ខ្មែរថា ពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួបការខ្វះខាតរាប់តាំងពីទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ ។
ឆ្លើយតបនឹងការលើកឡើង ខុសការពិតនេះ លោក ប៉ែន បូណា តាមរយៈក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពីស្ថានភាពកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦បានអះអាងថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ត្រូវបានផ្តល់ជូននូវជម្រកសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និង សេវាសុខាភិបាល ២៤ម៉ោងនៅនឹងកន្លែង។ ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌល សុវត្ថិភាពទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។

លោកថា “បើនិយាយ ពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់ទទួលទានដែលជាអំណោយពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ ជូននូវម៉ាស៊ីនចម្រោះទឹកធំៗ ដើម្បីផលិតទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងមណ្ឌលតែម្តង ដោយមានបរិមាណគ្រប់គ្រាន់ និងគ្មានការខ្វះខាតអ្វីឡើយ” ។

លោកបន្ថែមថា ក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចបានជួយការពារសន្តិសុខ សុវត្ថិភាពជូនជនភៀសសឹកទាំងយប់ទាំងថ្ងៃ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវាទាំងអស់ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីអាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និងសប្បុរសជនមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង ៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងចំណោមជនភៀសសឹក សរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត៥ម៉ឺននាក់ទៀត បន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារតែស្ថានភាពមិនទាន់ អំណោយផល ពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬទូរកុងតឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ៕



