អាមេរិក បញ្ចេញវិដេអូ វាយប្រហារថ្មីមួយទៀត ទៅលើនាវាដឹកយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់
បរទេស៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ចេញវីដេអូអំពីអ្វីដែលខ្លួនបាននិយាយថា ជាការវាយប្រហារលើនាវាផ្ទុកយន្តហោះគ្មាន មនុស្សបើករបស់អ៊ីរ៉ង់ គឺនាវា IRIS Shahid Bagheri។
យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា វីដេអូនេះបង្ហាញពីការផ្ទុះពីរលើក ដែលធ្វើឱ្យនាវាធំមួយនៅលើសមុទ្ររង្គើ ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានសរសេរនៅលើ X ថា “ថ្ងៃនេះ នាវាផ្ទុកយន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់ ដែលមានទំហំប្រហាក់ប្រហែល នឹងនាវាផ្ទុកយន្តហោះសង្គ្រាមលោកលើកទីពីរ ត្រូវបានវាយប្រហារ ហើយឥឡូវនេះកំពុងឆេះ”។
CENTCOM បាននិយាយមុននេះថា នាវានេះត្រូវបានវាយប្រហារក្នុងអំឡុងពេលរលកវាយប្រហារ លើកដំបូងដែលបានធ្វើឡើងនៅថ្ងៃសៅរ៍។
អតីតជានាវាផ្ទុកកុងតឺន័រ គឺនាវា Shahid Bagheri បានចូលរួមជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ ២០២៥។ យោងតាម Press TV នាវា គឺមានផ្លូវរត់ប្រវែង ១៨០ ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីផ្ទុកយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រឃ្លាំមើល និងប្រយុទ្ធ។
សូមជម្រាបថា កាលពីថ្ងៃពុធ នាវាមុជទឹកអាមេរិកមួយគ្រឿងបានបាញ់គ្រាប់មីស៊ីល torpedo តម្លៃ ២លានដុល្លារកន្លះ ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ IRIS Dena នៅក្នុងដែនទឹកអន្តរជាតិក្បែរប្រទេសស្រីលង្កា ខណៈពេលដែលនាវានេះ កំពុងវិលត្រឡប់មកពីសមយុទ្ធកងទ័ពជើងទឹកដែលរៀបចំដោយប្រទេសឥណ្ឌា។ យោងតាម Colombo កងទ័ពជើងទឹកស្រីលង្កាអាចជួយសង្គ្រោះនាវិកចំនួន ៣២ នាក់ ខណៈពេលដែលយ៉ាងហោចណាស់ ៨៧ នាក់បានស្លាប់ និង ៦១ នាក់នៅតែបាត់ខ្លួន។
ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសការបាញ់ពន្លិចនាវា Dena ថាជា «អំពើឃោរឃៅនៅលើសមុទ្រ»៕
ប្រែសម្រួលៈ ណៃ តុលា
