ក្រសួងការងារណែនាំវិធានការ ៦ចំណុចឱ្យម្ចាស់រោងចក្រ សហគ្រាសអនុវត្ត ដើម្បីការពារសុវត្ថិភាព កម្មករក្នុងរដូវប្រាំង
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុនមេសា បានឱ្យដឹងថា ក្រសួងការងារបានណែនាំវិធានការ ៦ចំណុចឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ អនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិតដើម្បីការពារកុំឱ្យមានបញ្ហា សុខភាពណាមួយកើតឡើងអំឡុង ពេលបំពេញការងារក្នុងរដូវប្រាំង។

លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនាថា វិធានការទាំង៦ចំណុចដែលក្រសួងណែនាំរួមមាន ទី១ ត្រួតពិនិត្យ និងថែទាំជាប្រចាំ នូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករ និយោជិតចូលធ្វើការ ។ ទី២ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភព ខ្យល់ចេញចូល។

លោកបន្តថា វិធានការទី៣ ត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ទី៤ បាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវចាត់វិធានការផ្សេងៗទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា វិធានការទី៥ ក្រសួងក៏បានណែនាំឱ្យមានការចាត់បុគ្គលិក ទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅ ជាប្រចាំនៅកន្លែងធ្វើការ។ និងទី៦ បង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

លោកបើតាមលោក ស៊ុនមេសា ការណែនាំវិធានការទាំង៦នេះរំពឹងថា អាចជួយបង្ការហានិភ័យសុខភាពដែលអាចកើតឡើង និងលើកម្ពស់សុវត្ថិភាពសុខភាពកម្មករ ។ លោកបញ្ជាក់ថា សុខទុករបស់បងប្អូនកម្មករនិយោជិតជាសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសុខទុក្ខរបស់ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។
ទន្ទឹមនេះ ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ “១២៨៦” ឬ “១២៩៧” ឬ ក្រុមតេឡេក្រាម “សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹង តាមនីតិវិធីប្រអប់បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។
យ៉ាងណាក៏ដោយ លោក ស៊ុន មេសា ជឿជាក់ថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងចូលរួមអនុវត្ត តាមការណែនាំប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវ៕


