ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៤៦.៣៩៤នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋចំនួន ៤៦.៣៩៤នាក់ទៀត (ស្ត្រី២៤.៣២៦នាក់ និងកុមារ ១៥.៣៥៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
យោងតាមសេចក្ដីប្រកាសសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃ មិនត្រឹមតែពុំបានអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប៉ុណ្ណោះ ប៉ុន្តែថែមទាំងបានកំពុងធ្វើសកម្មភាពផ្ទុយពីការ ព្រមព្រៀងដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាអតីតប្រធានអាស៊ាន ទៀតផង។
ក្រសួង បន្ដថា ទោះបីជាភាគីទាំងពីរ ពុំបានផ្ទុះអាវុធដាក់ គ្នាក៏ដោយ ប៉ុន្តែ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ព្រមទាំងបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៣៣២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែននាក់ ឬជិត ៩៣% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៤៦.៣៩៤នាក់ទៀត (ស្ត្រី២៤.៣២៦នាក់ និង កុមារ១៥.៣៥៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
