សម្តេច ឃួន សុដារី ៖ បូរណភាពទឹកដី និងសុវត្ថិភាពពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល
សៀមរាប ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា បូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋគ្រប់រូប គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ សម្តេច ឃួន សុដារី នាឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ ជូនដល់គ្រួសារភៀសសឹកជិត ៧០០ គ្រួសារ ក្នុងស្រុកក្រឡាញ់ និងស្រុកពួក ក្នុងខេត្តសៀមរាប ព្រមទាំងចាត់ចែងបញ្ជូនអំណោយ ជូនពលរដ្ឋភៀសសឹកជាង ២០០ គ្រួសារទៀត នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ។

សម្តេច ឃួន សុដារី បានរំលេចថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិសង្គ្រាម ដូចជានៅតំបន់មជ្ឈិមបូព៌ា សន្តិភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ សម្តេច បានបញ្ជាក់ថា «ទោះបីជាការរស់នៅបណ្តោះអាសន្នក្នុងជំរំមានការលំបាក ប៉ុន្តែវាមានសុវត្ថិភាពជាងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដែលប្រមុខថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគ្រប់រូប តែងយកចិត្តទុកដាក់គិតគូរ និងកំណត់ជាអាទិភាពខ្ពស់បំផុត»។

ឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យកម្ពុជា ក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្ដេច ប្រធានរដ្ឋសភាកម្ពុជា បានជម្រាបជូនពលរដ្ឋអំពីយន្តការ ដោះស្រាយដោយសន្តិវិធី ដោយរាជរដ្ឋាភិបាលកំពុងប្រើប្រាស់យន្តការ «ស្ងាត់តែមិនស្ងៀម» តាមរយៈវិធីសាស្ត្រការទូតឆ្លាតវៃ ទន់ភ្លន់ និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះ និងបញ្ហាការដាក់រាយបន្លាលួស និងកុងតឺន័រក្នុងដែនអធិបតេយ្យកម្ពុជា ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងពេលឆាប់ៗខាងមុខ។

សម្តេច ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ «ជំនឿចិត្ត និងសាមគ្គីភាព» ដោយ សម្ដេច បានមានប្រសាសន៍ថា «ក្នុងកាលៈទេសៈនេះ ការជឿជាក់លើរាជរដ្ឋាភិបាល និងការរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត ដើម្បីបង្កើនភាពខ្លាំង និងភាពធន់របស់ជាតិ តតាំងទៅនឹងសត្រូវឈ្លានពាន»៕


