ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ថ្នាក់ដឹកនាំកម្ពុជា បន្តយកចិត្តទុកដាក់វីរកងទ័ព និងជនភៀសសឹក

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ ខែមីនា លោកប៉ែន បូណា លើកឡើងថា ប្រជាពលរដ្ឋភៀសសឹក ដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ បានត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលឱ្យវិលត្រឡប់ទៅផ្ទះ សម្បែងវិញជាបន្តបន្ទាប់ដោយខិតខំដោះស្រាយបញ្ហា ប្រឈមនានាដែលពួកគេជួបប្រទះ ក៏ដូចជាជួយស្តារជីវភាពរបស់ពួកគេឡើងវិញ។

លោកបន្តថា រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹក សរុបជិត៩៣% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ នៅសល់ពលរដ្ឋភៀសសឹកជាង ៤ម៉ឺន ៥ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ បាននៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេទទួលបានការយកចិត្តទុកដាក់ យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខុមាលភាព។

អ្នកនាំពាក្យបញ្ជាក់ថា “ជាក់ស្តែង ពួកគេបានទទួលជាបណ្តើរៗ នូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ ដើម្បីស្នាក់នៅក្នុងអំឡុងពេល ដែលរាជរដ្ឋាភិបាល កំពុងខិតខំដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ តាមមធ្យោបាយការទូត ដើម្បីកំណត់ខណ្ឌសីម៉ាព្រំដែន រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា៕

To Top