ស្អែកនេះ សិស្សនិស្សិត និងអ្នកកំពុងស្វែង រកការងារធ្វើ សូមកុំភ្លេចចូលរួមវេទិកាការងារ នៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ដែលមានឱកាសការងារ ជាង៣ពាន់កន្លែង
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ ក្រោមប្រធានបទ “វេទិកាការងារ និងកម្មសិក្សាការងារ” ដោយនាំយកឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យភ្លាម សម្ភាសភ្លាមៗដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ១១ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ (PPI) ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារនេះ មានឱកាសការងារសរុប ២,៨៧៨កន្លែង និងក្រុមហ៊ុនធំៗចំនួន ១១ នឹងទទួលការដាក់ពាក្យភ្លាម សម្ភាសភ្លាម ពីយុវជន ព្រមទាំងផ្តល់ការប្រឹក្សារយោបល់ការងារដោយផ្ទាល់ និងឱកាសទទួលបានកម្មសិក្សាការងារផងដែរ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អតីពលករ និងយុវជនទាំងអស់ ដែលកំពុងតែស្វែងរកការងារធ្វើ កុំភ្លេចចូលរួមទាំងអស់គ្នា និង ទទួលបានការប្រឹក្សាយោបល់ជាមួយនឹងក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីទទួលបានឱកាសការងារ លក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ច្រើនយ៉ាង៕





