ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ លើកទឹកចិត្តបណ្ឌិត្យសភា នគរបាលកម្ពុជា បន្តសម្រួចគុណភាពសិស្ស-និស្សិត ទាំងចំណេះដឹង ឥរិយាបថ និងក្រមសីលធម៌ល្អ

កណ្ដាល ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភា នគរបាលកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ ។

ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់ អំពីវឌ្ឍនភាព នៃការធ្វើកំណែទម្រង់ថ្មីៗនៅបណ្ឌិត្យសភា នគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាលឱ្យមានគុណភាពស្តង់ដារ ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀន យ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័ស និងអាចយកទៅអនុវត្តផ្ទាល់ ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាពឱ្យកាន់តែប្រសើរឡើងថែមទៀត លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា បណ្ឌិត្យសភា នគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស និស្សិតមួយចំនួន ទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។

ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការ នៃស្នងការដ្ឋានរាជធានី ខេត្ត បង្កើនការធ្វើបទបង្ហាញ តម្រង់ទិសដល់សិស្ស និស្សិតដែលជាប់ និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ៕

To Top