កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាព ពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្ម អតីតពលករ ពីប្រទេសថៃ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និង វៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្ន ភាពការងារ ផ្លាស់ប្តូរយោបល់ លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្ម ពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសន្ទនា ជាបន្តបន្ទាប់ប្រកប ដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និង កម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យ នៃការងារនាពេលខាងមុខ ចំពោះអតីតពលករ ដែលវិលត្រឡប់មកវិញ ដោយលោកបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈដែលប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។

ទន្ទឹមនឹងនេះ លោក ហេង សួរ បានលើកឡើងពីកិច្ចអន្តរាគមន៍ យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើការ ផ្តល់សេវាកម្មទីផ្សារការងារ ជាក់ស្តែងសំខាន់ៗ ដូចជា ការពង្រឹងតួនាទីទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) ក្នុងការប្រមូលព័ត៌មាន នៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយ ឱកាសការងារ តាមរយៈការបើកដំណើរការលេខទូរស័ព្ទ ១២៩៧ និងបណ្តាញសង្គម ព្រមទាំងការរៀប ចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។
ជាមួយគ្នានេះ ក្រសួងក៏បានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET ដល់ពួកគាត់ ក៏ដូចជាយុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យទទួលបានជំនាញពិតប្រាកដក្នុងរយៈពេលខ្លី និងឆាប់ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ បន្ថែមពីនេះ ដើម្បីចូលរួមអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អតីតពលករ ក្រសួងក៏បានផ្តល់ឱកាសធ្វើតេស្តទទួលស្គាល់សមត្ថភាពដែលមានពីមុន (RPL) ដោយឥតគិតថ្លៃ លើមុខជំនាញក្នុងវិស័យសំណង់ជាដើម។

ជាការឆ្លើយតប លោក Jochen M. Schmittmann បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោករដ្ឋមន្រ្តី ចំពោះការចែករំលែក ពីយន្តការអន្តរាគមន៍ ការធ្វើសមាហរណកម្ម ក៏ដូចជាការធ្វើបច្ចុប្បន្នភាព ពីស្ថានភាពអតីតពលករពីប្រទេសថៃ ហើយទិន្នន័យច្បាស់លាស់ទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់ IMF។
លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា IMF នឹងបន្តភាពជាដៃគូជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IMF បន្ថែមទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕





