រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសចុះពិនិត្យការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយលោក វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ដែលព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមកម្សាន្តជាមួយ សកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ពោលគឺព្រឹត្តិការណ៍នេះ ជាវេទិកាសំខាន់មួយ សម្រាប់ផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះ ឱ្យកាន់តែទូលំទូលាយផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

ក្នុងន័យនេះ បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយ សម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទាំងដោយផ្ទាល់ និងដោយប្រយោល ដូចជា៖
ទី១-បង្ហាញពីសាមគ្គីភាពរឹងមាំ គ្រប់តួអង្គពាក់ព័ន្ធ តាម “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
ទី២-ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច
ទី៣-លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និងបរិស្ថាន
ទី៤-លើកកម្ពស់ការអប់រំ និងការយល់ដឹង និង
ទី៥-លើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍៕






