ប្រធានាធិបតីបារាំងថា ប្រទេស G7 អាចប្រើប្រាស់ទុន បម្រុងប្រេង យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង ការកើនឡើង នៃតម្លៃប្រេង
បរទេស: ប្រធានាធិបតីបារាំង លោក Emmanuel Macron មានប្រសាសន៍ថា ក្រុមប្រទេសទាំងប្រាំពីរឬ G7 អាចនឹងប្រើប្រាស់ស្តុកប្រេងបម្រុងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពល។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងដំណើរទៅកាន់ដំណើរ ទស្សនកិច្ចទៅកាន់ ប្រទេសស៊ីប លោក Macron បាននិយាយថា “ការប្រើប្រាស់ទុនបម្រុង ជាយុទ្ធសាស្ត្រគឺជាជម្រើសមួយដែលត្រូវបានគ្រោងទុក”។ លោកបាននិយាយថា មេដឹកនាំ G7 អាចជួបគ្នានៅសប្តាហ៍នេះ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការកើនឡើង នៃតម្លៃថាមពល ដែលត្រូវបានគេរំពឹងទុកតាមរយៈការហៅទូរស័ព្ទ ឬសន្និសីទតាមវីដេអូ។ បច្ចុប្បន្នប្រទេសបារាំងកំពុងកាន់តំណែង ជាប្រធានប្តូរវេននៃក្រុមប្រទេស G7។
ដោយឡែកពីគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីប្រទេស G7 កំពុងជួបប្រជុំគ្នានៅរសៀលថ្ងៃចន្ទ តាមរយៈសន្និសីទវីដេអូ ដើម្បីពិភាក្សាអំពីផលវិបាក ពីសង្គ្រាមអ៊ីរ៉ង់នេះផងដែរ។
ប្រែសម្រួល: ណៃ តុលា
