ព័ត៌មានជាតិ

សម្តេចធិបតី និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់​ ចំពោះកិច្ចសហការដ៏ល្អ រវាងនគរបាល នៃប្រទេសទាំងពីរ ក្នុងកាបង្រ្កាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់​ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្កា រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ។

ការវាយតម្លៃរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោក​អគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើង ជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនង​នៃប្រទេសទាំងពីរ​​ បាននិងកំពុងត្រូវបាន បន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ​ រវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

លោកទូត ក៏បានបញ្ជាក់បន្ថែមទៀតថា សាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្ត យ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ លោកនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ។

ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ លោក គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ក្នុងនោះសម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​ រវាងប្រទេស​ទាំងពីរ។

សម្តេចធិបតី បានរំលឹកថា ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះ បានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។

បន្ថែមលើនេះ សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ, សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់​ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្កា រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕

To Top