ភ្នំពេញ ៖ មន្រ្តីក្រសួងបរិស្ថាន បានប្តេជ្ញានឹងអនុវត្ត តាមផ្លូវច្បាប់ ដោយមិនលើកលែង ចំពោះជនទាំងឡាយ ណាដែលបំផ្លិចបំផ្លាញ ធនធានធម្មជាតិ និងការបរបាញ់សត្វខុសច្បាប់។
តាមរយៈវិដេអូឃ្លីបរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងឱកាសទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក៥ មិថុនា ក្រសួងអំពាវនាវទៅដល់ ប្រជាពលរដ្ឋចូលរួមស្រឡាញ់បរិស្ថាន ស្រឡាញ់ធនធាន ធម្មជាតិ និងការពារសត្វព្រៃ។
លោករៀបរាប់ថា ផ្ទៃដីនៅកម្ពុជា ប្រមាណជា៤១% ត្រូវបានចាត់ទុកជាតំបន់អភិរក្ស ដែលស្ថិតក្នុងការគ្រប់គ្រងក្រសួង ។
លោកថា បច្ចុប្បន្នក្រសួង កំពុងអភិរក្សតំបន់៦៩កន្លែង ក្នុងនោះរួមមាន ៖ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់បេតិកភណ្ឌធម្មជាតិ និងរបៀងជីវៈចម្រុះដែលមានផ្ទៃដី ប្រមាណជា ៧,៣លានហិកតា។
លោកបន្ដថា មន្ដ្រីឧទ្យានជាតិអនុរក្ស ចំនួន១២៦០នាក់ បាននិងកំពុងតែឈរជើង នៅតាមតំបន់ការពារធម្មជាតិ នានានៅកម្ពុជា ដើម្បីការពារ និងទប់ស្កាត់ បង្ក្រាប បទល្មើសធនធានធម្មជាតិ ដែលមានការកាប់បំផ្លាញព្រៃឈើ កាន់កាប់ដីព្រៃខុសច្បាប់ និងបរបាញ់សត្វជា ដើម។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា «ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានតាំងចិត្ត ក្នុងការអនុវត្តច្បាប់ ដោយមិនលើកលែងឡើយ ចំពោះជនទាំងឡាយណា ដែលបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដូចជា ការបរបាញ់សត្វ ដោយខុសច្បាប់»។
លោករំលឹកថា ថ្មីៗនេះមានការបរបាញ់សត្វខុសច្បាប់ គឺមន្ដ្រីក្រសួងបរិស្ថាន បានធ្វើស៊ើបអង្កេត ក៏ដូចជាវែងមុខរកអ្នកប្រព្រឹត្តកំហុសទាំងនោះយកមកអប់រំ ណែនាំ ។ បើសិនមានករណីធ្ងន់ធ្ងរ ក្រសួងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។
សូមរំលឹកថា ឆ្នាំ២០២០នេះ ជាលើកទី២៧ សម្រាប់កម្ពុជា ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក គឺអភិរក្សជីវៈចម្រុះ ដើម្បីទាំងអស់គ្នា ។ ដើម្បីចូលរួមអបអរសាទរទិវានេះ ក្រសួង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ជាតាមបណ្តាញអនឡាញដែរ៕
ដោយ ៖ អេង ប៊ូឆេង