ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការព្យាបាលអ្នកជំងឺ ដោយរាក់ទាក់-ស្និទ្ធស្នាល បង្ហាញភាពថ្លៃថ្នូ របស់គ្រូពេទ្យ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ការបម្រើសេវាថែទាំ និងព្យាបាល ដោយភាពរាក់ទាក់ និងស្និទ្ធស្នាលដល់ប្រជាពលរដ្ឋ បានបង្ហាញឱ្យឃើញពីភាពថ្លៃថ្នូ របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍សម្រាប់ការកែលម្អដំណើរការ នៃការបម្រើសេវាថែទាំសុខភាពបឋម ឱ្យកាន់តែមានភាពរាក់ទាក់ និងស្និទ្ធស្នាលជូនប្រជាជន តម្រូវឱ្យអ្នកបម្រើសេវាត្រៀមលក្ខណៈ ផ្តល់សេវា២៤ម៉ោង ដោយមានឯកសណ្ឋាន និងសម្ភារៈសមរម្យ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបន្តថា អ្នកបម្រើសេវាក៏ត្រូវតែមានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយរាក់ទាក់ សាកសួរអ្នកជំងឺតាមបច្ចេកទេស កត់ត្រាប្រព័ន្ធព័ត៌មានអ្នកជំងឺ ពន្យល់ណែនាំពីការប្រើប្រាស់ឱសថ ការអប់រំសុខភាព និងជម្រាបអ្នកជំងឺពីការតាមដានស្ថានភាពជំងឺ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកពាក្យគន្លឹះមួយ ចំនួនមកធ្វើការបកស្រាយដូចជា ពាក្យថា អ្នកទទួលខុសត្រូវ (អ្នកកាន់ការ) ជាពាក្យមួយដូចគ្នានឹងពាក្យអ្នកដឹកនាំដែរ តែពាក្យនេះ មិនសំដៅទៅលើមុខតំណែង និងតួនាទីរបស់បុគ្គលទេ ព្រោះអ្នកទទួលខុសត្រូវ ឬអ្នកដឹកនាំជាអ្នកដែលទទួលខុសត្រូវលើបេសកកម្ម ដែលខ្លួនត្រូវបំពេញទោះតូច ឬធំក្តី ។ ចំពោះពាក្យថា អ្នកពាក់ព័ន្ធ គឺជាបុគ្គល ឬសហភាតរៈរបស់អ្នកទទួលខុសត្រូវ អ្នកពាក់ព័ន្ធអាចជាអ្នក ដែលនៅក្នុងអង្គភាព ជាមួយគ្នា ឬអ្នកដែលនៅក្រៅអង្គភាពឬក្រៅស្ថាប័ន ៕

To Top