តើការបំផុសសង្គ្រាម និងការធ្វើអនុត្តរភាព លើប្រទេសដទៃ ជាការស្វែងរក «សន្តិភាព»និង «សន្តិសុខ»ឬ?
«សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ» ហើយក៏មិនអាចនាំមក នូវសន្តិភាពឬសន្តិសុខនោះដែរ នេះជាឡូហ្ស៊ីកដែលគេទទួលស្គាល់ជាទូទៅ។ ក៏ប៉ុន្តែ សម្រាប់«ឡូហ្ស៊ីកទំនើង»ដែលមានតែអញជាធំរបស់អាមេរិកវិញ ការគំរាមកំហែងឬវាយប្រហារប្រទេសដទៃ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនវាជារឿង«ត្រឹមត្រូវ»។
តាំងពីដើមមក មិនថាវិស័យពាណិជ្ជកម្មឬវិស័យអ្វីក៏ដោយ ក៏អាមេរិកតែងផ្សារភ្ជាប់ វាជាមួយនឹងអ្វីដែលហៅថា«សន្តិសុខជាតិ» ហើយសម្លុតកំហែងឬដាក់ទណ្ឌកម្មប្រទេសដទៃ ក្រោមលេស«បង្កផលប៉ះពាល់ ដល់សន្តិសុខជាតិរបស់អាមេរិក»។ តើក្នុងនាមជាប្រទេសមហាអំណាចធំទីមួយលើពិភពលោក សន្តិសុខជាតិរបស់អាមេរិកមានភាពផុយស្រួយរហូត ដល់ប្រទេសណាក៏អាចបង្កការ គំរាមកំហែងបានឬ?
ពីការចាប់ខ្លួនប្រធានាធិបតីស្របច្បាប់ នៃប្រទេសវ៉េណេស៊ុយអេឡាដែលជារដ្ឋអធិបតេយ្យ រហូតដល់ការបំផុសសង្គ្រាមលើអ៊ីរ៉ង់ អាមេរិកបានប្រើពាក្យថា «ដើម្បីការពារសន្តិសុខជាតិ របស់វ៉េណេស៊ុយអេឡា» ដែលជាការជ្រៀតជ្រែកយ៉ាងកំរោលចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ជាពិសេសបន្ទាប់ពីចាប់ខ្លួនលោក ម៉ាឌូរ៉ូ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដោយបំពានច្បាប់អន្តរជាតិយ៉ាងគឃ្លើនក្រោមលេស«អន្តរាគមន៍យោធា» លោក ត្រាំ ប្រធានាធិបតីអាមេរិកបាន ប្រកាសគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ហើយត្រៀមបូមយកប្រេងបម្រុងរបស់ប្រទេសមួយនេះ ដែលជាគោលដៅពិតប្រាកដនៃប្រតិបត្តិការយោធារបស់អាមេរិក ។

ចំណែកការវាយប្រហារអ៊ីរ៉ង់វិញ អាមេរិកក៏បានអះអាងថា «អ៊ីរ៉ង់គំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក»។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ក្នុងខណៈពេលដែលអាមេរិកវាយប្រហារលើអ៊ីរ៉ង់ គឺប្រតិភូនៃប្រទេសទាំងពីរអាមេរិកនិងអ៊ីរ៉ង់កំពុងធ្វើការចរចាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ហើយទទួលបានលទ្ធផលវិជ្ជមានមួយចំនួនទៅហើយ។ ការដែលអាមេរិកនិងអ៊ីស្រាអែលវាយប្រហារចំពោះអ៊ីរ៉ង់មានន័យថា ក្នុងជម្រើសរវាងការចរចានិង ការធ្វើសង្គ្រាម អាមេរិកបានជ្រើសយកការធ្វើសង្គ្រាម ដែលជាទម្លាប់របស់អាមេរិក ដោយសំអាងលើកម្លាំងទ័ពនិងសព្វាវុធរបស់ខ្លួន។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៦ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសបង្កើត «ក្រុមប្រឹក្សាសន្តិភាព»ក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស Davos ដោយឱ្យនិយមន័យក្រុមប្រឹក្សានេះថា ជាអង្គការអន្តរជាតិមួយដែល បានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយសន្តិភាព និងការដោះស្រាយជម្លោះសម្រាប់តំបន់ ដែលរងសង្គ្រាម និងភាពអស្ថិរភាព។ ក៏ប៉ុន្តែ ក្នុងនាមជាអ្នកផ្តួចផ្តើមឱ្យបង្កើត«ក្រុមប្រឹក្សាសន្តិភាព» អាមេរិកបែរជាបាន«ដោះស្រាយបញ្ហា»ដោយការសម្លុតកំហែងដំឡើងពន្ធគយ ការវាយប្រហារដោយយោធានិងការធ្វើអនុត្តរភាពលើប្រទេសដទៃ ដូចជាករណីថ្មីបំផុតនៅប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ជាដើម ហើយបើតាមលោក ត្រាំ ប្រទេសគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់ដែលត្រូវរងការវាយប្រហារពីអាមេរិក។
ជាលទ្ធផលនៃការប្រើប្រាស់កម្លាំងអាវុធ បច្ចុប្បន្នពិភពលោកទាំងមូលបាន និងកំពុងរងផលវិបាកដែលបណ្តាលមក ពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ពិសេសការឡើងថ្លៃប្រេងបានធ្វើឱ្យប៉ះ ផលជាទូទៅចំពោះជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសនានា។ ករណីដែលកើតឡើងជាក់ស្តែងបានប្រាប់យើងថា ការបំផុសសង្គ្រាមវាមិនអាចនាំមកនូវសន្តិភាពឬសន្តិសុខនោះទេ ពោលគឺមានតែផលវិនាសនិងផលវិបាកបន្ទាប់បន្សំ ហើយត្រូវបង់តម្លៃដោយប្រជាជនស្លូតត្រង់។
ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ការធ្វើពាណិជ្ជកម្មជាមួយគ្នាត្រូវឈរលើមូលដ្ឋាននៃការគោរពគ្នានិងស្មើភាព ទើបអាចទទួលបានលទ្ធផលឈ្នះ-ឈ្នះ។ ប៉ុន្តែគោលនយោបាយ«អាមេរិកជាអាទិភាព»និងការធ្វើឱ្យរឿងពាណិជ្ជកម្មជាប្រក្រតីជាប់ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយឬរឿងសន្តិសុខជាតិ ដែលអាមេរិកតែងប្រព្រឹត្តជាញឹកញាប់បាននាំឱ្យកើតមានសង្គ្រាមពាណិជ្ជកម្មជាច្រើនលើកជាមួយប្រទេសផ្សេងៗ ពិសេសប្រទេសចិនដោយសារទង្វើអនុវត្តរភាពរបស់អាមេរិកដែលគាបសង្កត់សហគ្រាសបរទេស រហូតដល់ការដំឡើងពន្ធគយខ្ពស់កប់ដែលធ្វើឱ្យខូចខាតទាំងផលប្រយោជន៍របស់សហគ្រាសបរទេសនិងប្រជាជនអាមេរិកផ្ទាល់។ អ្វីដែលគេកត់សម្គាល់គឺ ការចោទប្រកាន់របស់អាមេរិកថាសហគ្រាសនេះ សហគ្រាសនោះ«មានហានិភ័យចំពោះសន្តិសុខជាតិរបស់អាមេរិក» ចុងក្រោយគឺអាមេរិកចង់គ្រប់គ្រងសហគ្រាសពាក់ព័ន្ធដោយខ្លួនឯង ដើម្បីជាផលប្រយោជន៍ខាងពាណិជ្ជកម្មតែប៉ុណ្ណោះ គ្មានទាក់ទងអ្វីបន្តិចជាមួយនឹងសន្តិសុខជាតិនោះ ឡើយ ឧទាហរណ៍ដូចជារឿងក្រុមហ៊ុនTik Tok ជាដើម។
ជារួម មិនថាការថែរក្សាសន្តិភាពឬសន្តិសុខជាតិ នោះឡើយ គឺត្រូវផ្អែកលើការធ្វើការជាមួយគ្នាដោយស្មើភាពនិងគោរពអធិបតេយ្យភាពទៅវិញទៅមក។ សន្តិភាពមិនដែលកើតចេញពីសង្គ្រាមនោះទេ ហើយការថែរក្សាសន្តិសុខជាតិក៏មិនមែនមានន័យថា ត្រូវផ្អែកលើការសម្លុតកំហែងឬគាបសង្កត់អ្នកដទៃនោះដែរ។ ពិភពលោកដែលមានអរិយធម៌ចម្រុះ ត្រូវការការសន្ទនា និងការរៀនសូត្រពីគ្នា ដើម្បីយល់ដឹងពីគ្នា យោគយល់គ្នា ទើបអាចគ្រប់គ្រងការខ្វែងគំនិតនិងបញ្ចៀសការប៉ះទង្គិច ហើយអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់នាំមកនូវសន្តិភាពនិងសន្តិសុខជាតិយ៉ាងពិតប្រាកដ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
