ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ​ អះអាងថា អ៊ីរ៉ង់លែងមានសមត្ថភាព ចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលទៀតហើយ

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បានបាត់បង់សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលរបស់ខ្លួន។

លោក ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងថា ទាំងនេះគឺជាគោលដៅពីរក្នុងចំណោមគោលដៅ ទាំងបីនៃការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយគោលដៅទីបី គឺការផ្តួលរំលំរបបនេះ ឥឡូវនេះអាស្រ័យលើប្រជាជនអ៊ីរ៉ង់។

លោកបានលេីកឡេីងថា “បដិវត្តន៍មិនកើតឡើងពីលើអាកាសទេ ហើយមានជម្រើសដីជាច្រើនដែលខ្ញុំនឹងមិនបង្ហាញ”​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទាក់ទងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់​ នៅឈូងសមុទ្រពែរ្សកាលពីថ្ងៃពុធ លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ពីការកត់សម្គាល់មុននេះរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ថា អ៊ីស្រាអែល​ មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិក មុនពេលវាយប្រហារនោះទេ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល រូបនេះបានលេីកឡេីងថា “ប្រធានាធិបតី ត្រាំ បានស្នើសុំឱ្យយើងផ្អាក ការវាយប្រហារនាពេលអនាគត ហើយយើងកំពុងផ្អាកវា”។

លោកក៏បានឧ្យដឹងផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ រួមគ្នាបានបំផ្លាញកងនាវាចរទាំងមូលរបស់អ៊ីរ៉ង់​ នៅក្នុងសមុទ្រកាសព្យែន៕

To Top