លោក Trump អះអាងថា អាមេរិកជិតនឹងសម្រេច បានតាមគោលដៅ ដែលចង់បាន ពីសង្គ្រាមនៅអ៊ីរ៉ង់ហើយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក កាន់តែខិតជិត ក្នុងការសម្រេចគោលដៅរបស់ខ្លួន ក្នុងការវាយប្រហារយោធាលើប្រទេសអ៊ីរ៉ង់។
លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ប្រទេសនេះកំពុងពិចារណាបន្ថយ ការវាយប្រហារយោធា របស់ខ្លួននៅមជ្ឈិមបូព៌ាទាក់ទងនឹងប្រទេសអ៊ីរ៉ង់។
លោកប្រធានាធិបតីក៏បាននិយាយផងដែរថា ច្រកសមុទ្រ Hormuz គួរតែត្រូវបានការពារ និងឃ្លាំមើលតាមការចាំបាច់ ដោយប្រទេសផ្សេងទៀតដែលប្រើប្រាស់វា។
គួរឲ្យដឹងដែរថា ប្រតិបត្តិការយោធា ដោយកងកម្លាំងទ័ពអាមេរិក និងអ៊ីស្រាអែលប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ បានឈានចូលមកដល់ថ្ងៃទី២១ ហើយខណៈដែលអ៊ីរ៉ង់នៅតែបន្តធ្វើការវាយប្រហារ សងសឹងទីតាំងដែលកម្មសិទ្ធ របស់អាមេរិក និងអ៊ីស្រាអែលស្ថិតនៅក្នុងតំបន់មជ្ឈឹមបូព៍ាស្ទើរតែទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី
