កម្មករនិយោជិតសប្បាយចិត្ត និងអរគុណរដ្ឋាភិបាល ក្នុងការជួយសម្រាល បន្ទុកថ្លៃធ្វើដំណើរ អំឡុងពេលមាន វិបត្តិប្រេងឥន្ទនៈជាសកល
ភ្នំពេញ៖ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងការបូបសប្បាយចិត្ត និងអរគុណរដ្ឋាភិបាល ដែលជួយឱ្យមានការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។

អ្នកស្រី មន ធីតា កម្មការិនីរោងចក្រ សេឌូណូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនាថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះមានសារៈសំខាន់ណាស់សម្រាប់ជីវភាព របស់កម្មករនិយោជិតត្បិតចំនួនទឹកប្រាក់មិនច្រើន តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយ ជាចំណូលប្រចាំខែថ្មីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។
អ្នកស្រីនិយាយថា៖«ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត និយាយទៅពេលបានជួយលុយន្ថែមចឹងទៅ យើងវាបានជួយកាត់បន្ថយថ្លៃ ចំណាយ ព្រោះឥឡូវសាំងថ្លៃ អីៗឡើងថ្លៃ ពេលបានអាហ្នឹងមកថែមទៀត និយាយទៅថ្លៃចំណាយរបស់យើងមិនសូវពិបាក។ ទោះមានការលំបាកប្រទេសជាតិយ៉ាងណាក៏ដោយ រដ្ឋាភិបាលគាត់អត់ដែលភ្លេចកម្មករ និងប្រជាជនទេ» ។

ស្រដៀងគ្នានេះ អ្នកស្រី ឈា ផល្លា កម្មការិនីរោងចក្រ សេឌូណូ ម្នាក់ទៀត ប្រាប់ថា៖«លឺដំណឹងថាអ៊ីចឹង គឺសប្បាយចិត្ត ហើយត្រេកអរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាថៅកែដែលគាត់មានទឹកចិត្តជួយកម្មករកម្មការិនីទាំងអស់ ទោះបីស្ថិតក្នុងស្ថានភាពពិបាកដែលប្រេងសាំងឡើងថ្លៃក៏ដោយ»។
ចំណែកកម្មការិនីម្នាក់ទៀតគឺ អ្នកស្រី ចិត្ត លីណា មើលឃើញថា ការផ្តល់ប្រាក់សោហ៊ុយនេះ នឹងក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់ បងប្អូនកម្មករនិយោជិតនៅកម្ពុជា។
អ្នកស្រីលើកឡើងថា៖«មានអារម្មណ៍រំភើប សប្បាយរីករាយ ពីព្រោះការផ្តល់ប្រាក់ សោហ៊ុយនេះ នឹងជួយកាត់បន្ថយការចំណាយរបស់កម្មករទាំងអស់គ្នា សារៈសំខាន់សម្រាប់ខ្ញុំជួយកាត់បន្ថយចំណាយរបស់ខ្ញុំ ការធ្វើដំណើរ ថ្លៃផ្ទះជួល»។
គួរបញ្ជាក់ថា ក្រោយមានអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយអង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែលក្រុមហ៊ុន រោងចក្រ សហគ្រាសកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រែងឥន្ទនៈ វិលមករកភាពប្រក្រតីវិញ៕
