លោក Macron អំពាវនាវ ឲ្យបញ្ឈប់គ្រប់សកម្មភាព វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ក្នុងតំបន់មជ្ឈឹមបូព៍ា
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារ លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈិមបូព៌ា។
នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman Al Saud លោក Macron បានបង្ហាញពីសាមគ្គីភាពរបស់បារាំងជាមួយអារ៉ាប៊ីសាអូឌីត ហើយបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រវិស័យការពារដែនអាកាសរបស់ប្រទេស។
លោកបានសង្កត់ធ្ងន់ថា នៅពេលប្រឈមមុខ នឹងហានិភ័យនៃការកើនឡើងដែលមិនអាចគ្រប់គ្រងបាន វាគឺ មានសារៈសំខាន់ជាងពេលណាទាំងអស់ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តការផ្អាកលើការវាយប្រហារ ដែលផ្តោតលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
លោកប្រធានាធិបតីក៏បានបន្ថែមដែរថា ពេលនេះគឺជាពេលវេលាសម្រាប់ការទទួលខុសត្រូវ និងការអត់ធ្មត់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ការបន្តកិច្ចសន្ទនាជាមួយគ្នា។
គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ បានគំរាមថានឹងវាយ និងកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការបើកច្រកសមុទ្រ Hormuz យ៉ាងពេញលេញក្នុង រយៈពេល៤៨ម៉ោងបន្ទាប់៕
ប្រែសមរួល៖ស៊ុនលី
