ដំណឹងដ៏រីករាយវត្តមាន កូនផ្សោត១ក្បាល ទើបកើត នៅស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ÷ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល រដ្ឋបាលជលផល ខេត្តក្រចេះ-ស្ទឹងត្រែង និងអង្គការ WWF បានរកឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នៅចំណុចអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២៦នេះ និងជាកូនផ្សោតទី៤ បើបូកបញ្ចូលទាំងកូនផ្សោត ដែលបានកើតនៅខេត្តក្រចេះនាពេលកន្លងមក ។

យោង តាមរយៈរបាយការណ៍ចុងក្រោយ វត្តមានសមាជិកថ្មីនេះបានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅក្នុងប្រទេសកម្ពុជា កើនឡើងដល់ ១១៦ ក្បាល ។
ការរកឃើញនេះ គឺជាសញ្ញាវិជ្ជមានឆ្លុះបញ្ចាំង ពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានជលផលដ៏មានតម្លៃ។ អាជ្ញាធរ និងអង្គការដៃគូ នៅតែបន្តអំពាវនាវ ដល់បងប្អូនប្រជានេសាទ និងសាធារណជន ឱ្យចូលរួមការពារអន្លង់អភិរក្ស ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែលជាសម្បត្តិធម្មជាតិ ដ៏កម្ររបស់កម្ពុជា៕ដោយដើមអំពិលស្ទឹងត្រែង

