សម្តេចធិបតី ៖ អត្រាឈឺ និងស្លាប់ដោយជំងឺរបេង ធ្លាក់ចុះយ៉ាងខ្លាំង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា នៅកម្ពុជាអ្នកកើតជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ ។
យោងតាមសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា កម្ពុជាបានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង មានការធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងបណ្តាប្រទេសដទៃ។

សម្តេចធិបតីបន្តថា អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះពី៨០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម១៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២៤ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៧៨%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២៧២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២៤ គឺបានថយចុះ៦៨% ផងដែរ។
សម្តេចធិបតីបញ្ជាក់ថា ទោះបីកម្ពុជាទទួលបានជោគជ័យ ក៏កម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងកម្រិតខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះតម្រូវឱ្យត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានៃអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕
