វៀតណាម និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀងថាមពល កិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃអាទិត្យបានចាកចេញពីប្រទេស សម្រាប់ដំណើរទស្សនកិច្ច ជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ដោយក្នុងអំឡុងពេលនោះប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន, នេះបើយោងតាមទីក្រុងហាណូយ ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី លោក ផាំ មិញឈីញ ទៅកាន់ប្រទេស ផលិតប្រេងដ៏សំខាន់នេះ គឺធ្វើឡើងចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃពុធ និងដោយបានកើតឡើង នៅពេលដែលវៀតណាមកំពុងស្វែង រកការបង្កើនទុនបម្រុងប្រេងឥន្ធនៈរបស់ខ្លួន ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ សកលដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោក ផាំ មិញឈីញ នឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល។
សេចក្តីថ្លែងការណ៍មួយផ្សេងទៀត ពីទីក្រុងហាណូយ បាននិយាយកាលពីថ្ងៃសៅរ៍ថា “ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ក៏នឹងមានកិច្ចព្រមព្រៀងសំខាន់ៗ មួយចំនួនទាក់ទងនឹង គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន នឹងត្រូវបានចុះហត្ថលេខា” ។
សេចក្តីថ្លែងការណ៍បន្ថែមថា “កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលប្រេង និងឧស្ម័ននឹងត្រូវបានពង្រឹងនៅក្នុងគ្រប់វិស័យពាណិជ្ជកម្ម ការរុករក ការទាញយក និងការបណ្តុះបណ្តាលធនធានមនុស្ស”៕
