លោក កែវ រតនៈ ៖ ទោះក្រុមហ៊ុនសូគីមិចបិទទ្វារ តែក៏មានក្រុមហ៊ុនផ្សេងផ្គត់ផ្គង់ ឧស្ម័នហ្គាសធម្មតា
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានលើកឡើងថា ទោះបីជាក្រុមហ៊ុនសូគីមិច នឹងប្រកាសបិទទ្វារលែងដំណើរការ ចាប់ពីដើមខែមេសា ខាងមុខនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនផ្សេងនៅតែអាចដំណើរការ និងផ្គត់ផ្គង់ទៅ ដល់ប្រជាពលរដ្ឋបានដដែល ។
ក្រុមហ៊ុនសូគីមិច ប្រកាសបិទទ្វារ ចាប់នៅខែមេសា លែងនាំចូលឧស្ម័នហ្គាសប្រភេទ LPG នេះ ។ ប៉ុន្តែចំពោះការប្រកាសលែង ដំណើរការនេះ នៅថ្ងៃ២៣ មីនានេះ រដ្ឋមន្រ្តីរ៉ែបានអំពាវនាវ ទៅដល់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ ព្រោះក្រុមហ៊ុន សូគីមិចផ្គត់ផ្គង់ហ្គាសនេះតែ៣%ប៉ុណ្ណោះ នៅទូទាំងប្រទេស ។
លោក កែវ រតនៈ ពន្យល់ថា ប្រភេទឧស្ម័ន LPG ត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ដូចជា ៖ ការផលិតជាកំប៉ុងហ្គាសសម្រាប់ចំអិនអាហារតាមផ្ទះ , ការយកចំអិនម្ហូបអាហារតាមភោជនីយដ្ឋានធំៗ , ការយកទៅចាក់តាមរថយន្តតាក់ស៊ី និងតុក តុកជាដើម ។
បើតាមរដ្ឋមន្រ្តី ទីផ្សារឧស្ម័នហ្គាស LPGនេះ មានលក្ខណៈតូចចង្អៀតជាងគេ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនព្រងើយកន្តើយឡើយ ដោយកំពុងធ្វើសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស ជាដៃគូនៅតំបន់អាស៊ាន ដើម្បីរកប្រភពមកផ្គត់ផ្គង់ ជាមួយបណ្តាក្រុមហ៊ុន នៅកម្ពុជាដែលនាំចូល និងចែកចាយនូវឧស្ម័ន LPG នេះ ។
លោកថា សព្វថ្ងៃកម្ពុជា មានក្រុមហ៊ុនចំនួន៧នាំចូលឧស្ម័នហ្គាស LPG ដែលក្នុងចំណោមក្រុមហ៊ុនទាំង៧នេះ នៅតែបន្តនាំចូលដដែល សម្រាប់ផ្គត់ផ្គង់ខែមីនា និងខែមេសាខាងមុខ ដោយក្រុមហ៊ុន ខ្លះបានបញ្ជាទិញ និងបានដឹកមកដាក់ក្នុងស្តុកនៅកម្ពុជារួចរាល់ និងខ្លះទៀតកំពុងបញ្ជាទិញ និងបន្តទំនាក់ទំនង ដើម្បីទុកទិញនៅពេលខាងមុខជាបន្តបន្ទាប់ ។
រដ្ឋមន្រ្តីក្រសួងរ៉ែសង្កត់ធ្ងន់ថា ទោះបីជាក្រុមហ៊ុនសូគីមិចបិទដំណើរការនៅខែមេសាក៏ដោយ ប៉ុន្តែកម្ពុជា នឹងមិនខ្វះឧស្ម័នផ្គត់ផ្គង់នោះទេ ព្រោះក្រុមហ៊ុនសូគីមិចមានការផ្គត់ផ្គង់នៅទូទាំងប្រទេសតែ៣%ប៉ុណ្ណោះ ។ ដូច្នេះ ពលរដ្ឋ កុំមានការភ័យព្រួយបារម្ភ ។
លោក កែវ រតនៈបន្ថែមថា “ដូច្នេះប្រសិនបើក្រុមហ៊ុនសូគីមិចមិនអាចផ្គត់ផ្គង់បានចាប់ពីខែ៤ទៅ ហើយមិនអាចរកប្រភពបន្ថែម យើងក៏នៅមានប្រភពដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបាន ។ សូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោនៅក្នុងស្ថានភាពនេះ ។ យើងខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នា ក្នុងការជួយប្រើប្រាស់ និងសន្សំចៃប្រេងឥន្ទនៈគ្រប់ប្រភេទ ហើយជាពិសេសឧស្ម័ន LPGនេះតែម្តង” ។
ដោយលោករដ្ឋមន្រ្តីបានស្នើពលរដ្ឋចូលរួមសន្សំចៃប្រើប្រាស់ឧស្ម័ននេះ តាមរយៈងាកមកប្រើប្រាស់ជាចង្ក្រាន្តអគ្គិសនីវិញ ដែលនេះជាការចូលរួមចំណែកសន្សំចៃឧស្ម័ន LPG មួយកម្រិតផងដែរ ៕
