ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយប្រមាណ ១៧លានដុល្លារ ដល់ពលរដ្ឋកម្ពុជា ដែលត្រឡប់មកពីថៃ និងជនងាយរងគ្រោះនៅតាមព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ប្រមាណ ១៧លានដុល្លារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរភៀសសឹក ពីជម្លោះប្រដាប់អាវុធ និងជួយដល់ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលមកមាតុភូមិកំណើតវិញ។

ក្នុងពិធីបើកកម្មវិធីទស្សនៈកិច្ចអ្នកសារព័ត៌មាន ស្ដីពីជំនួយអភិវឌ្ឍផ្លូវការ (ODA) ជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសជប៉ុន សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានភាពប្រក្រតីឡើង វិញឆាប់ៗតាមដែលអាចធ្វើបាន តាមរយៈការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងឈប់បាញ់ ការអត់ធ្មត់ជាអតិបរមា និងការបន្ថយភាពតានតឹង តាមរយៈការសន្ទនាដោយសន្តិវិធី។

លោកទូត បន្ដថា ជប៉ុននឹងបន្ត កិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត ហើយនឹងបន្ត ផ្តល់ការគាំទ្រក្រោមទម្រង់ផ្សេងៗ។

លោក ទូត បន្ថែមថា សម្រាប់ជំនួយទាក់ទងនឹងបញ្ហាព្រំដែន រដ្ឋាភិបាលជប៉ុន ដោយសហការជាមួយអង្គការ IOM និង UNICEF បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលស្មើរនឹងទឹកប្រាក់ ១ លាន៨សែនដុល្លារអាមេរិកដល់ ជនភៀសសឹកនៅតាមតំបន់ព្រំដែនកាលពីខែសីហាឆ្នាំមុន។

លោក ទូត បន្ថែមទៀតថា លើសពីនេះ ចាប់តាំងពីខែមករាឆ្នាំនេះ ជប៉ុនបាននិងកំពុងផ្តល់ការគាំទ្រដល់ពលករដែលត្រឡប់មកពីប្រទេសថៃ និងជនងាយរងគ្រោះនៅ តាមតំបន់ព្រំដែនផងដែរ ។ ជាងនេះទៅទៀត ជប៉ុនក៏បាននិងកំពុងបន្តផ្តល់ការគាំទ្រ ដោយសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា លើវិស័យនានាដូចជា វិធានការប្រឆាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើមផងដែរ។ លោក ថា «ទំហំទឹកប្រាក់សរុបនៃជំនួយទាំងនេះ គឺប្រមាណ ១៧ លានដុល្លារអាមេរិក។ ជប៉ុនមានបំណងបន្តគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជម្រុញការ ស្តារ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែននាពេលអនាគតផងដែរ»៕

To Top