ព័ត៌មានជាតិ

លោក កែវ រតនៈ ៖ពលរដ្ឋត្រូវចូលរួម ប្រើប្រាស់ អគ្គិសនីសន្សំចៃ

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើទៅកាន់ប្រជាពលរដ្ឋ ឱ្យចូលរួមប្រើប្រាស់អគ្គិសនី ដោយសន្សំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ ។
រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។

លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះ បានចូលរួមមួយចំណែក ជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។
លោកបញ្ជាក់ថា “អីចឹងបើយើងសន្សំចៃភ្លើងតិចៗម្នាក់ តាមប៉ារ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជា ការប្រើឡាន EV ជាដើម” ។
រដ្ឋមន្រ្តីបានអះអាងថា ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន ពាក់ព័ន្ធជាសេនាធិការបានប្រឹងប្រែងស្វះស្វែងរកប្រភពអគ្គិសនី មកបំពេញតម្រូវការក្នុងស្រុក មិនឱ្យពលរដ្ឋខ្វះខាតឡើយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺ នៅតាមទីសាធារណៈនានា ។ ជាពិសេសក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

To Top