ICC-ព្រះវិហារ ប្តេជ្ញាបន្តចូលរួមជាការពារ និងថែបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ
ភ្នំពេញ ៖ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថាន ភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយមានតំណាងមកពីចិននិងឥណ្ឌា ជាសហប្រធាន ។

លោកថា កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន ៥ប្រទេស រួមមាន៖ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាម៉េរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នកជំនាញការអាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១៥៨រូប។ កិច្ចប្រជុំនេះ ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។

អ្នកនាំពាក្យបញ្ជាក់ថា “សហប្រធានចិន និងឥណ្ឌា ព្រមទាំងបណ្តាប្រទេស ជាសមាជិក រួមជាមួយអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ និងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយ ៗទៀត ជាពិសេសសហប្រធានទាំងពីរ បានបង្ហាញអំពីជំហរបន្តកិច្ចការអភិរក្ស ប្រាសាទព្រះវិហារ តាមរយៈវេទិកាពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ” ។

លោកបន្ថែមថា អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីវិធានការបន្ទាន់នានា ដើម្បីអភិរក្សសង្គ្រោះប្រាសាទព្រះវិហារដូចជា ៖ អនុវត្តការងារបន្ទាន់មួយចំនួន ដូចជា ការបោសសម្អាតអាវុធ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ , រៀបចំឯកសារវិភាគ ហានិភ័យប្រាសាទព្រះវិហារ និងបរិវេណភ្នំទាំងមូល , រៀបចំឯកសារអំពីវត្ថុសិល្បៈ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់ ៕


