ព័ត៌មានជាតិ

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចពង្រឹងសុវត្ថិភាព និងសុខភាពការងារ(OSH)ដល់បណ្តាសហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និងចុះទស្សនកិច្ចសិក្សា ដោយផ្ទាល់ស្តីពីសុវត្ថិភាព និងសុខភាពការងារ(OSH) ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូល រួមពីសិក្ខាកាមសរុបចំនួន ២៥០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៥០នាក់ ក្នុងគោលបំណងឱ្យមន្ត្រីជំនាញចុះណែនាំ និងពិនិត្យការរៀបចំវិធានការ ការពារសុវត្ថិភាព នៅតាមកន្លែងធ្វើការឱ្យកាន់តែមានភាពល្អប្រសើរ។

ក្នុងឱកាសនោះ មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញយ៉ាងលម្អិត ដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជូនដល់ប្រតិភូបុគ្គលិក សហជីព និងនិយោជក អំពីប្រធានបទសំខាន់ៗដែលពាក់ព័ន្ធនឹងសុខភាពការងារ រួមមាន ការគ្រប់គ្រងភាពតានតឹងនៃកម្តៅ ការផ្តល់សង្គ្រោះបឋម របៀបលើកដាក់ទម្ងន់ តាមបច្ចេកទេស និងឥរិយាបថ ក្នុងការបំពេញការងារ ។ ជាមួយគ្នានោះដែរ កម្មវិធីក៏បានបញ្ចូល នូវការអប់រំស្តីពីការ ទប់ស្កាត់មេរោគអេដស៍ បញ្ហាគ្រឿងញៀន និងការយល់ដឹងអំពីជំងឺមិនឆ្លងផ្សេងៗ ដើម្បីពង្រឹងសុខុមាលភាព របស់កម្មករនិយោជិត ឱ្យបានកាន់តែទូលំទូលាយ។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងបន្ថែម និងពង្រឹងសមត្ថភាពបង្ការគ្រោះថ្នាក់​ ការងារដល់បងប្អូនកម្មករនិយោជិត។ ចំណេះដឹងបច្ចេកទេសទាំងនេះ នឹងក្លាយជាទុនដ៏មានតម្លៃ សម្រាប់សិក្ខាកាមក្នុងការជួយសង្គ្រោះជីវិតខ្លួនឯង និងមិត្តរួមការងារបានទាន់ពេលវេលា ប្រកបដោយភាពម្ចាស់ការ និងមិនមានការស្លន់ស្លោ នៅពេលជួបហេតុការណ៍អាសន្នណាមួយ ដែលកើតឡើងជាយថាហេតុនៅក្នុងកន្លែងធ្វើការ៕

To Top