រដ្ឋមន្ត្រីអ៊ីស្រាអែល ស្នើឲ្យបញ្ចូលតំបន់ ភាគខាងត្បូងប្រទេស លីបង់ ជាកម្មសិទ្ធរបស់ខ្លួន
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bezalel Smotrich បាននិយាយថា អ៊ីស្រាអែលគួរតែដណ្តើម យកទឹកដីដ៏ច្រើននៅភាគខាងត្បូង ប្រទេសលីបង់ ជាផ្នែកនៃយុទ្ធនាការបន្ត របស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah ។
លោកបាននិយាយតាមវិទ្យុអ៊ីស្រាអែល កាលពីថ្ងៃចន្ទថា ព្រំដែនថ្មី គួរតែត្រូវបានផ្លាស់ប្តូរទៅគ្រប់ផ្លូវទៅកាន់ទន្លេ Litani ដែលមានចម្ងាយជិត៤០គីឡូម៉ែត្រ ពីព្រំដែនភាគខាងត្បូង នៃប្រទេសលីបង់ជាមួយអ៊ីស្រាអែល។
យេរូសាឡឹមខាងលិច បានចាប់ផ្តើមយុទ្ធនាការយោធា ប្រឆាំងនឹងក្រុមហេសបូឡានៅដើមខែមីនា បន្ទាប់ពីចលនាសកម្ម ប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ បានបើកការវាយប្រហារ លើរដ្ឋជ្វីហ្វក្នុងការសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei ។
ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីយុទ្ធនាការរួមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters ដើម្បីធ្វើអត្ថាធិប្បាយទេ។ កន្លងមក រដ្ឋមន្ត្រីការពារជាតិ Israel Katz ក៏បាននិយាយដែរថា ប្រទេសលីបង់អាចបាត់បង់ទឹកដី ប្រសិនបើខ្លួនបរាជ័យក្នុងការរំសាយអាវុធរបស់ក្រុម Hezbollah។
កាលពីថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានប្រកាសពីផែនការ ពង្រីកប្រតិបត្តិការទាំងជើងគោក និងផ្លូវអាកាសនៅភាគខាងត្បូងប្រទេសលីបង់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
