ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ជំរុញដល់សមត្ថកិច្ច ត្រូវបន្តបង្ក្រាប បទល្មើស Scam online ដើម្បីលុបបំបាត់ ឱ្យអស់ក្នុងមូលដ្ឋានខេត្ត

កណ្ដាល ៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល បានជំរុញដល់កម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តការខិតខំ ក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀត ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរ ដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ បានខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

លោក អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀត នៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។

ពាក់ព័ន្ធនិងបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ លោក អភិបាលខេត្ត បានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សូមជួយត្រួតពិនិត្យ តាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗ ចាប់ពី ១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ អាគារជួលជាដើម ដែលគួរឱ្យសង្ស័យពាក់ព័ន្ធនិងបទល្មើស Scam online ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា៕

To Top